កំពង់ឆ្នាំង ៖ គិតមកទល់នឹងថ្ងៃទី៤ ខែមិថុនា នេះ ការរងារបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងសម្រេចបានជាង៣ម៉ឺនហិកតាហើយ ស្មើនឹងប្រមាណជាង៣០ភាគរយ លើផែនការសរុបជាង១២ម៉ឺនហិកតា។ បើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ។
លោកប្រធានមន្ទីរ បានអោយដឹងទៀតថា សម្រាប់ខេត្តកំពង់ឆ្នាំង ប្រជាកសិករដែលបានធ្វើស្រូវបង្កើនរដូវ គឺមាននៅស្រុកបរិបូណ៍ ស្រុកជលគិរី និងស្រុករលាប្អៀរ សម្រេចបានលើផ្ទៃដីជិត៥ពាន់ហិកតា ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ រូតរះធ្វើការងារបង្កបង្កើនផលស្រូវរដូវស្សានេះ អោយបានទាន់រដូវកាលផងដែរ។
គួរបញ្ជាក់ថា រដូវវស្សាក្នុងឆ្នាំនេះបានមកដល់ កាលពីថ្ងៃទី៣០ ខែឧសភា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ក៏បានចែកពូជស្រូវសែនក្រអូបចំនួន ១០តោន ជូនដល់កសិករ ២៨០គ្រួសារ មកពីឃុំចំនួន៧ នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ឃុំទាំង៧នោះ រួមមាន គឺឃុំអញ្ចាញរូង ឃុំចក ឃុំខុនរ៉ង ឃុំពេជចង្វារ ឃុំផ្សារ ឃុំពពេល និងឃុំពន្លៃ៕












