កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញនូវភូមិសាស្ត្រ ភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ចាប់ពីថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២១ តទៅ។
ស្របគ្នាជាមួយនឹងការបើកឡើងវិញនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានណែនាំអោយប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារ និងគ្រប់ៗរូប ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការសុខាភិបាល “៣ការពារ និង៣កុំ” គ្រប់ពេលវេលា។ ក្នុងនោះគ្រប់ៗគ្រួសារត្រូវផ្តល់ព័ត៌មានមកអាជ្ញាធរភូមិ ឃុំ និងសមត្ថកិច្ចឱ្យបានទាន់ពេលវេលា ក្នុងករណីមានមនុស្សនៅតំបន់ហានិភ័យចូលមកដល់មូលដ្ឋាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទខ្ទប់ ភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ក្នុងរយៈពេល ២សប្តាហ៍ និងបានសម្រេចបន្តបិទខ្ទប់ រយៈពេល ១សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី១២ ខែឧសភា ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕










