កំពង់ឆ្នាំង ៖ប្រជាពលរដ្ឋនៅក្នុងឃុំច្រណូក ស្រុកកំពងលែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានជួយសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង២ ០០០ ម៉ែត្រសម្រាប់ពួកគាត់ប្រើប្រាស់ ។

លោក ឆៃ រុងរឿង មេឃុំច្រណូក បានឱ្យដឹងថា ផ្លូវបេតុង ១ខ្សែ ដែលជាចំណងដៃរបស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រវែងសរុប២ ០០០ ម៉ែត្រ ឆ្លងកាត់ភូមិ៣គឺ ភូមិកង្កែប ភូមិធ្លក និងភូមិកណ្តាល ។ហើយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារសាងសង់ បានចាប់ផ្តើមចាក់បេតុង លើកំណាត់ផ្លូវប្រវែង៥០០ម៉ែត្រ នៅក្នុងភូមិកង្កែប និងត្រូវចាក់បន្តទៀត ឱ្យបានរួចរាល់ជាស្ថាពរ ក្នុងរយះពេល១៥ថ្ងៃ ។

លោក ឆៃ រុងរឿង បញ្ជាក់ថា ក្រោយពីស្ថាបនាផ្លូវនេះរួច ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងដឹកកសិផលបានឆាប់រហ័សជាងមុន ជាពិសេសនៅក្នុងរដូវវស្សានេះ ៕អត្ថបទ៖ហឹង ចូច











