កំពង់ធំ៖ អតីតយុទ្ធជននៅខេត្តកំពង់ធំជាង៣ពាន់នាក់ បានដំណើរការបើកកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ដូសទី៣ ដែលជាដូសជំរុញប្រភេទAstra Zeneca នៅតាមបណ្តាទីតាំងមណ្ឌលសុខភាពក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ ដែលពិធីប្រកាសការបើកការចាក់វ៉ាក់សាំងតំណាងទូទាំងខេត្តកំពង់ធំនៅពេលនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសុខភាពព្រៃប្រស់ ស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតក្រោម អធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន និងឧត្តមសេនីយ៍ទោម៉ែន លី ប្រធាន និងអនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ជំនួសមុខឲ្យអតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកំពង់ធំ បានគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ដូសទី៣ដែលជាដូសជំរុញប្រភេទ AstraZeneca សម្រាប់ចាក់ជូនអតីតយុទ្ធជន ដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ដែល កំពុងឆ្លងរីករាលដាលជាសកល ពិសេសនៅខេត្តកំពង់ធំ ដែលមានចំនួនអ្នកឆ្លងកើនឡើងគួរឲ្យព្រួយបារម្ភ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ទោះបីជាយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងទាំងបីដូសរួចហើយក្តី ត្រូវតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច និងអនុវត្តឲ្យបានតាម ការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសបំផុតការអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ទើបយើងជៀសផុតពីការឆ្លងនូវមេរោគដ៏កាចសាហាវចូលក្នុងខ្លួនយើង គ្រួសារយើង និងសហ គមន៍ នៅក្នុងខេត្តកំពង់ធំយើង ពិសេសមេរោគកូវីដ -១៩ បំប្លែងថ្មីប្រភេទ( ដែលតា) ដែលឆ្លងលឿនរហ័សនិង មានហានិភ័យខ្ពស់ដល់អាយុជីវិតរបស់យើង៕












