កំពង់ឆ្នាំង ៖មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីអង្គការក្តីសង្ឃឹម សហគមន៍ (HCO) មានអង្ករ ចំនួន២តោន ទឹកបរិសុទ្ធ ចំនួន១០០កេះ ឳសថ និងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត ដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងតំបន់សុវត្តិភាព និងវរកងទ័ពដែលកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត ការពារដែនអធិបតេយ្យភាព ពីការឈ្លានពាន របស់យោធាថៃ ។

អំណោយទាំងនេះត្រូវបានលោក Kim Hyoung min តំណាងអង្គការក្តីសង្ឃឹម នាំយកមកប្រគលជូន លោក គង់ ច័ន្ទធា តំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។

លោក គង់ ច័ន្ទធា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ និងមានប្រសាសន៍បញ្ជាក់ថា ការផ្តល់នូវអំណោយរបស់អង្គការក្តីសង្ឃឹម សហគមន៍ HCO នាពេលនេះ បានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងការចូលរួមចំណែកយកចិត្តទុកដាក់លើការងារសប្បុរសធម៌ និងកិច្ចការសង្គម តាមរយះមន្ទីរសុខាភិបាល ដើម្បីចែកជូនវរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅតាមព្រំដែន ។

លោក Kim Hyoung min បានបញ្ជាក់ថា អំណោយទាំងនេះ ធ្វើឡើងក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងភៀសសឹក ស្នាក់នៅក្នុងតំបន់សុវត្តិភាព និងវរកងទ័ពជួរមុខផងដែរ ៕











