បញ្ហា​រវាង​អាវុធ​ហត្ថ ​និង​លោក​ ផែង​ វណ្ណ: ​ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​,លោក​ ផែង​ វណ្ណ:​ ធ្វើ​កិច្ច​សន្យា​៤​ចំណុច​ នៅ​ចំពោះ​មុខ​នាយឧត្តម​សេនីយ៍ ​សៅ​ សុខា

  • បញ្ហារវាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ផែង វណ្ណ: ត្រូវបានដោះស្រាយបញ្ចប់ ហើយដោយលោក ផែង វណ្ណ: ធ្វើកិច្ចសន្យា៤ចំណុច នៅចំពោះមុខនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

    អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ​បានបញ្ជាក់ថា កងរាជអាវុធហត្ថបានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់លោក ផែង វណ្ណៈ ចំពោះមុខលោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

    ជាមួយគ្នានេះ កងរាជអាវុធហត្ថ បន្តគាំទ្រការចូលរួមកិច្ចសហការ ដើម្បីបម្រើប្រជាជន ការពារឯករាជ្យ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស សំដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងស្មារតីនិងសម្ភារ។ ខ្លឹមសារនៃកិច្ចសន្យាមានដូចខាងក្រោម៖

    ១- បញ្ឈប់ការប្រព្រឹត្តអំពើខាងលើនេះតទៀត។

    ២- លុបចោលអត្ថបទនិងរូបភាពទាំងអស់ ដែលបានបង្ហោះពាក់ព័ន្ធនឹងអំពើករណីខាងលើនេះ។

    ៣- ថ្កោលទោសចំពោះជនទាំងឡាយណា ដែលឆ្លៀតយកព័ត៌មានខាងលើ ទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ក្នុងបំណងបង្កចលាចលសង្គម បំផ្លាញសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។

    ៤- រួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានពិត ដើម្បីរួមចំណែកកែលម្អចំណុចអវិជ្ជមានក្នុងសង្គម៕

    ប្រភព fresh News

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង