បង្គន់អនាម័យ និងសម្ភារៈសម្រាប់សាងសង់បង្គន់មួយចំនួន ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំងផ្តល់ជូនដល់ប្រជាពលរដ្ឋបម្លាស់ទីផ្ទះទឹកមកលើគោកចំនួន១០០គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិចំនួន៤ របស់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីសំណេះសំណាល និងប្រគល់ជូនសម្ភារសាងសង់បង្គន់អនាម័យជូនដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការផ្តល់បង្គន់អនាម័យ និងសម្ភារៈសម្រាប់សាងសង់បង្គន់ដល់ប្រជាពលរដ្ឋ នេះជាលើកកម្ពស់អនាម័យសុខភាព និងចូលរួមលុបបំបាត់ទាំងស្រុងនូវការបន្ទោរបង់ពាសវាលពាសកាល ។
បើតាមការបញ្ជាក់របស់ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានអោយដឹងថា បង្គន់អនាម័យ និងសម្ភារៈសម្រាប់សាងសង់បង្គន់មួយចំនួន ដែលបានផ្តល់ជូនប្រជាពលរដ្ឋនេះ ជាអំណោយរបស់ក្រសួងអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង រួមនឹងរដ្ឋបាលខេត្ត ក្នុងគោលដៅជូយសម្រួលដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតឲ្យមានបង្គន់អនាម័យប្រើប្រាស់ ដែលជាតម្រូវការចាំបាច់ក្នុងការរស់នៅ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ១០០ គ្រួសារដែលទទួលបានបង្គន់អនាម័យ និងសម្ភារៈសម្រាប់សាងសង់បង្គន់ នោះ ជាប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ក្រចាប់ភូមិក្បាលដំរី ភូមិសន្លង់ ភូមិកណ្តាល ភូមិត្រពាំងចាន់ ក្នុងស្រុកបរិបូណ៌។ នៅក្នុងឳកាសនោះដែរលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានអញ្ចើញចុះពិនិត្យមើលការងារស្ថាបនាស្រះទឹកមួយកន្លែងសម្រាប់សហគមន៍ប្រើប្រាស់ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។











