កំពង់ឆ្នាំង ៖ភ្លើងគប់ នៃការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ បានមកដល់ខេត្តកំពង់ឆ្នាំងហើយ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ។ ពិធីរត់ភ្លើងគប់ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្តកំពង់ឆ្នាំង ជាច្រើនរូបទៀត ។

នៅក្នុងព្រឹត្តការណ៍រត់ភ្លើងគប់នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង១ម៉ឺននាក់ ដើម្បីចូលរួមអបអរសាទរផងដែរ ។

ពិធីរត់ភ្លើងគប់ នៃការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ នៅខេត្តកំពង់ឆ្នាំ ធ្វើឡើងក្នុងចម្ងាយផ្លូវ ៣ ៥០០ម៉ែត្រ ដោយចាប់ផ្តើមចេញដំណើរពីសួនរូបសំណាកឆ្នាំង.ដំរីស ឆ្ពោះមកកាន់វេទិការប្រារព្វពិធី នៅសួនច្បារវិមានឯករាជ្យ ។

នៅក្នុងឳកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិពាក់ព័ន្ធនានា ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡា ក្នុងស្រទាប់ប្រជាជន ដោយវិស័យអប់រំកាយ និងកីឡា មិនគ្រាន់តែបានផ្តល់នូវកាយសប្បទារឹងមាំ ដល់យុវជន យុវនារីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអប់រំ ទៅលើផ្លូវចិត្ត សីលធម៌ ធ្វើយ៉ាងណា ឲ្យពួកគេមានការតស៊ូ ប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិតធម៌ ។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការរត់ភ្លើងគប់ នៃការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២នេះ ចាប់ផ្តើមពីខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងបន្តទៅខេត្តស្វាយរៀង ដែលជាខេត្តម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តការណ៍នៃការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២នេះ ខេត្តកំពង់ឆ្នាំង បានចុះឈ្មោះចូលរួមប្រកួតចំនួន២០ប្រភេទកីឡា ក្នុងនោះកីឡាជាតិមាន១៦ប្រភេទកីឡា និងកីឡាជនពិការមាន៤ប្រភេទកីឡា ។ និងមានប្រតិភូ៨នាក់ អ្នកដឹកនាំក្រុមចំនួន១៤នាក់ គ្រូបង្វឹកចំនួន២៧នាក់ កីឡាករចំនួន៩៣នាក់ និងកីឡាការនីចំនួន៩១នាក់ សរុប ចំនួន២៣៣នាក់៕











