កម្ពុជា-សិង្ហបុរី សំឡឹងមើ​ល​ទិ​សដៅ​កិច្ចស​ហប្រតិ​បត្តិការដែល​ផ្តល់​ប្រយោជន៍រួ​ម​​ទាំងក្នុង​កម្រិ​តវេ​ទិកាតំ​បន់ និង​ឆាក​អន្តរជាតិ

  • នារសៀលថ្ងៃទី១០ ខែមករា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

    ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាលើទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះលោកជំទាវ  ឯកអគ្គរដ្ឋទូតនិងសហការី និងបានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ នៅក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

    ជាមួយគ្នានេះ លោកជំទាវ ធាវ ឡេ ឈិង ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-សិង្ហបុរី នាពេលកន្លងមក នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងអប់រំ ព្រមទាំងបានបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង