WWF ឱ្យ ដឹង ថា កំឡុងពេលល្បាត ក្រុមការងារអនុវត្តច្បាប់ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជ នៅដែនជម្រកសត្វព្រៃស្រែពក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។
សត្វឆ្កែព្រៃ (Cuon alpinus) ត្រូវចាត់ចូលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ដែលនៅសេសសល់ប្រមាណ ២ពាន់ក្បាលជាងប៉ុណ្ណោះក្នុងពិភពលោក។ ឆ្កែព្រៃ គឺជាអម្បូរសត្វដែលសហការគ្នាជាក្រុមៗនៅពេលដែលពួកវាត្រូវប្រមាញ់ចំណី ហើយលក្ខណៈពិសេសនៃឆ្កែព្រៃគឺពួកវាអាចប្រមាញ់សត្វដែលមានមាឌធំជាងខ្លួនវារហូតដល់ទៅ១០ដងឯណោះ! ការរស់រាននៃសត្វដ៏កម្រនេះប្រឈមដោយបញ្ហាអន្ទាក់ ការបាត់បង់ទីជម្រក ជាពិសេសពួកវាទទួលរងគ្រោះដោយសារជំងឺឆ្លងពីសត្វឆ្កែស្រុក។ អង្គការWWFសូមថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តច្បាប់ មានមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងមន្រ្តីអនុវត្តច្បាប់របស់អង្គការWWF ដែលខិតខំប្រឹងប្រែល្បាតដោះអន្ទាក់ បញ្ឈប់បទល្មើស និងការពារដែនជម្រកដើម្បីរក្សាធនធានសត្វព្រៃកម្ពុជាឱ្យគង់វង្ស៕










