អង្គការ​មួយ​មក​ពី​ប្រទេស​តួក​គី​បាន​ផ្ដល់​កង់​ដល់​​សិស្ស​មាន​ជីវ​ភាព​ខ្វះ​ខាត​ ១៥០​នាក់​ នៅ​ខេត្ត​កំពង់​ឆ្នាំង​​

  • កំពង់ឆ្នាំង៖ អង្គការ Turkish Cooperation and Coordination Agency (TIKA) នៃប្រទេសតួកគី ដោយការសម្របសម្រួលពីសមាគមអភិវឌ្ឍន៍នារីឥស្លាម​កម្ពុជា (CIWODA) បានផ្ដល់កង់ដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត រស់នៅក្នុងស្រុកចំនួន៧ និងក្រុងចំនួន១ នៃខេត្តកំពង់ឆ្នាំង ដែល​កង់ទាំង១៥០ ស្មើនឹងទឹកប្រាក់ចំនួនជាង ២ម៉ឺនដុល្លារ ។

    ក្នុងពិធីផ្ដល់កង់មានការចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា តំណាងអង្គការ TIKA នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។

    លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា មានប្រសាសន៍ថា ការផ្ដល់ជូនកង់ដល់សិស្សក្រីក្រនាពេលនេះ ព្រោះបានជួយកាត់បន្ថយ ការឈប់រៀនរបស់សិស្ស ដោយសារមានមធ្យោបាយធ្វើដំណើរទៅសាលាល្អជាងមុន, អាត្រាកុមារីរៀនសូត្រខ្ពស់ជាងមុន, សិស្សសាលាអាចមានសង្ឃឹមរៀនចប់វិទ្យាល័យខ្ពស់ជាងមុន, គាំទ្ររដ្ឋាភិបាលក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជា ជាពិសេសកុមារី និងពួកគេ​ (អ្នកទទួលកង់) នឹងមានឱកាសរៀនបានខ្ពង់ខ្ពស់ជាងមុន ។

    លោកជំទាវ បានបង្ហាញនូវការរំពឹង ថាប្រទេសតួកគី នឹងបន្តជួយលើកកម្ពស់បន្ថែមទៀត លើវិស័យអប់រំនៅកម្ពុជា តាមរយៈសកម្មភាពផ្សេងៗ ហើយលោកជំទាវ ក៏បានអំពាវនាវដល់សិស្សានុសិស្ស ដែលទទួលបានកង់ថ្មីនេះ ត្រូវប្រើប្រាស់ និងថែរក្សាឲ្យបានល្អ រួមទាំងខិតខំរៀនសូត្រ ដើម្បីឆ្លើយតបនឹងទៅនឹងការប្រឹងប្រែងជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ។

    ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់ទូតតួកគី អង្គការ TIKA និងសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ដែលបានខិតខំកៀរគររកជំនួយមនុស្សធម៌ ជួយដល់សិស្សានុសិស្សខ្វះខាតចំនួន ១៥០នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង ។

    ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរ ដល់ឯកអគ្គរដ្ឋទូតតួកគី និងអង្គការ TIKA គាំទ្រ និងពិនិត្យលើលទ្ធភាពក្នុងការវិនិយោគ ឬអភិវឌ្ឍន៍លើវិស័យសំខាន់ៗ ដូចជា វិស័យកសិកម្ម ,ឧស្សាហកម្ម, សិប្បកម្ម និងទេសចរណ៍ជាដើម ក្នុងក្របខណ្ឌជាខេត្ត មិត្តភាពរវាងខេត្តណាមួយរបស់ប្រទេសតួកគី និងខេត្តកំពង់ឆ្នាំង ជាក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បន្ថែមថា ប្រទេសកម្ពុជាសូមស្វាគមន៍រាល់អ្នកវិនិយោគមកពីប្រទេសតួកគី និងប្រទេសនានា ព្រោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំតាំងពីសម្ដេចតេជោ ហ៊ុន សែន រហូតដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន កំពុងពន្លឿនការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ឲ្យមានការរីកចម្រើន ពិសេសទៀតនោះ គឺមានសុខសន្តិភាពពេញលេញ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង