កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារ ជាម្ចាស់ផ្ទះល្វែងចំនួន១៣ល្វែង ដែលមានអាយុកាលជិត១០០ឆ្នាំទៅហើយនោះ និង កំពុងមានសភាពទ្រុឌទ្រោមខ្លាំង បានសម្រេចរើឥវ៉ាន់ចាកចេញអស់ហើយ មកដល់នឹងព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ផ្ទះចាស់ទ្រុឌទ្រោមទាំង១៣ល្វែងនេះ សាងសង់ឡើងនៅក្នុងជំនាន់បារាំង អំឡុងឆ្នាំ១៩៣១ មានទីតាំងស្ថិតតាមបណ្តោយផ្លូវផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អគារផ្ទះល្វែងទាំង១៣ល្វែងនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ប្រឈមនឹងគ្រោះថ្នាក់សម្រាប់អ្នកកំពុងរស់នៅ ។ ដោយមានការគិតគូរពីសុវត្តិភាពប្រជាពលរដ្ឋ ទើបអាជ្ញាធរសម្រេចឲ្យម្ចាស់ផ្ទះដែលកំពុងរស់នៅ ត្រូវចាកចេញទៅរស់នៅកន្លែងផ្សេង ហើយប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ក៏មានការយល់ព្រមផងដែរ ។











