កំពង់ឆ្នាំង៖ កូនឈើចម្រុះ មានដូចជា កូនម្ដេញ សណ្ដាន់ រាំងទឹក ឬស្សីផ្អែមនិងពីងពង់ ចំនួន៦៧៣៥ដើម ត្រូវបានក្រសួងបរិស្ថានសហការជាមួយ អាជ្ញធរ និង មន្ទីរជំនាញជុំវិញខេត្ត ដាំស្ដារឡើងវិញនៅលើផ្ទៃដីព្រៃលិចទឹកដែលបានដកហូត ក្នុងតំបន់៣ ស្ថិតនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអាជ្ញាធរខេត្ត បានសហការជាមួយក្រសួង និង មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត នាំយកកូនឈើចំរុះគ្រប់ប្រភេទមកដាំស្ដារឡើងវិញ នៅលើផ្ទៃដីព្រៃលិចទឹក ក្នុងតំបន់៣ នៃភូមិសាស្រ្តស្រុកកំពង់លែង បន្ទាប់ពីអាជ្ញាធរបានដកហូតដីនៅតំបន់នេះ មករក្សាទុកជាសម្បត្តិរដ្ឋវិញ។

ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ពន្យល់ណែនាំ ដល់ប្រជាពលរដ្ឋឲ្យពួកគាត់យល់កាន់តែច្បាស់ អំពីសារ:សំខាន់ និង សារ:ប្រយោជន៍ នៃព្រៃលិចទឹក ឲ្យពួកគាត់ចូលរួមថែរក្សានឹងការពារ ឲ្យបានគង់វង្ស ៕











