ទីលានដាក់សំរាមក្រុងកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ

  • កំពង់ឆ្នាំង ៖ទីលានដាក់សំរាមក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ជំហាន១ ដែលជាកម្ចីឥណ​​ទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិប​តី​ភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក ឈិន សេងងួន អភិបាលរង​ខេត្ត​​កំពង់ឆ្នាំង ។

    ទីលានចាក់សំរាមថ្មីនេះ ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។គម្រោងទាំងមូលត្រូវបានសាង​សង់​ឡើង​​នៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិចតា ដែលគ្រោងឱ្យប្រើប្រាស់​ក្នុង​រយៈពេល១០ឆ្នាំ ( ពី២០២២រហូតដល់២០៣២ ) សម្រាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាមនេះ។

    តាមការសន្មត់អត្រាប្រមូលសំរាម បច្ចុប្បន្នមានចំនួន១០តោនក្នុងមួយថ្ងៃ នឹងអាចកើនឡើងដល់៣៤តោនក្នុងមួយថ្ងៃ នាឆ្នាំ​២០​៣៣ខាងមុខ។


    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ លើកឡើងអំពី​គុណ​សម្បត្តិ នៃការទុកដាក់សំរាម និងកាកសំណល់នានា ឱ្យស្របតាមបទដ្ឋានបច្ចេកទេស ។

    ឯកឧត្តម បញ្ជាក់ថា ទីលាន​ទុកដាក់សំរាមនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅ របស់បងប្អូននៅ​ក្នុង​តំបន់ និងតំបន់ជុំវិញ ជាពិសេសគឺការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុល បំផ្លាញបរិស្ថានផងដែរ ។

    នៅក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោម​ការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានសង្កត់ធ្ងន់លើការផ្ដល់អាទិភាពពី​​រាជរដ្ឋា​ភិបា​ល លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព ដែលបានអនុញ្ញាតឱ្យមានការសិក្សាសមិទ្ធិលទ្ធភាព ការ​សាង​សង់ ស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ជាបន្តបន្ទាប់ ដែលរួមមានដូចជា ការលើកកម្រិតគុណភាពផ្លូវជាតិ ផ្លូវខេត្ត គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និង គម្រោងសាសង់អាកាសយានដ្ឋានថ្មីៗ ជាដើម ។


    ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថាដោយសារមានសុខសន្តិភាពពេញលេញ ទើបប្រទេសមានការអភិវឌ្ឍ និងនាំ​មកនូវ​ការវិនិយោគគ្រប់ទម្រង់ ជាមួយផ្តល់ឱកាសការងារជាច្រើនជូនដល់បង​ប្អូនប្រជាពលរដ្ឋ ដែលទាំងអស់​នេះគឺជា​បច្ច័យ​ដែល​ធ្វើឱ្យ​អត្រា​​អាយុសង្ឃឹមរស់ របស់ប្រជាជនខ្មែរយើងមានការកើនឡើង បើធៀបនឹងរយៈពេជាង២០ឆ្នាំមុន។ អ្វីដែលជាមោទនភាពនោះ គឺអត្រាអាយុសង្ឃឹមរស់របស់កម្ពុជាយើង មានការកើនឡើង បើទោះជាប្រទេសយើង ជាប្រទេស​កំពុងអភិវឌ្ឍន៍ក៏ដោយ។


    ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានក្រើនរម្លឹកដល់បងប្អូនប្រជាពលររដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោះ សូមកុំភ្លេច​ចូល​រួម​បោះ​ឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹង​​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បី​បន្តស្តារ លើកកម្ពស់ ការ​អភិវឌ្ឍ​កម្រិតជីវភាព របស់បងប្អូនឱ្យកាន់តែប្រសើរឡើង និងមានភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង