រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំង​ ប្រារព្ធ​ខួប​អនុស្សាវរី​យ៍​លើក​ទី​៤៤​ នៃ​ទិ​វា​ជ័យ​ជំនះ​៧ ​មករា​

  • កំពង់ឆ្នាំង ៖ ខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ ៧មករា ( ៧មករា ១៩៧៩-៧ មករា ២០២៣ ) ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្វធ្វើឡើងយ៉ាងមហោឡាឬក ក្រោមអធិបតីសម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខត្តកំពង់ឆ្នាំង បានអានសុន្ទរកថារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃគម្រប់ខួបលើកទី៤៤ នៃទិវាជ័យជំនះ៧មករាជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ របស់ប៉ុលពត សង្រ្គោះជាតិ ប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នង បំផុតនេះបានទាន់ពេលវេលា និងបានបបញ្ចប់សករាជ ដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។

    សន្ទរកថាបន្តថា រយៈពេល៤៤ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍,ពីសង្រ្គាមរ៉ាំរ៉ៃ រាប់ទស្សវត្ស,ការបាក់បែកជាតិ​បែង​ចែក​ទឹកដីក្លាយ ជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូរធារ និងមានកំណើតសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ។

    សន្ទរកថាបញ្ជាក់ទៀតថា ឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវឌ្ឍន៍យ៉ាងល្អដែលផ្តល់ភាពអនុគ្រោះដល់ការសម្រេចគោលដៅរបស់យើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទោះបីជាសភាពការណ៍អន្តរជាតិ នៅតែបន្តប្រែប្រួល យ៉ាងស្មុគស្មាញក្តី។ នៅក្នុងរយៈពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបានខិតខំនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សម្រេចបានសមិទ្ធិផលធំៗ ថ្មីៗ ជាច្រើន ប្រកបដោយមោទនភាព ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង