កំពង់ឆ្នាំង ៖ ដើម្បីអបអរសាទរការប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តអស់មីន នៅរសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង បានរៀបចំការប្រកួតបាល់ទាត់ ជាលក្ខណៈមិត្តភាព រវាងក្រុមបាល់ទាត់ មកពីទីបញ្ជាការភ្នំពេញ និង ក្រុមបាល់ទាត់វិទ្យាស្ថាន ។

ឯកឧត្តម មួន វាសនា ប្រធាននាយកដ្ឋានកណ្តាល ទទួលបន្ទុកធនធានមនុស្ស បានមានប្រសាសន៍ថា ការប្រកួតនេះជាការប្រកួតលើកទី៥ហើយ ដែលស៊ីម៉ាក់បានរៀបចំឡើង ដើម្បីសុខភាព និងផ្លាស់ប្តូបទពិសោធន៍ លើវិស័យកីឡា ក្រៅពីការងារដោះមីន ។ និងដើម្បីចូលរួមអបអរសាទរ ការប្រកាសខេត្តកំពង់ឆ្នាំងអស់មីនផងដែរ ។

ការប្រកួតនេះក្រុមទាំង២ បានប្រឹងប្រែងដាក់សម្ពាធលើគ្នាទៅវិញទៅមក ក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនា យ៉ាងច្រើនកុះករផងដែរ ។

ចំពោះលទ្ធផលនៃការប្រកួត ក្រុមបាល់ទាត់វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ប្រកួតឈ្នះ ក្រុមបាល់ទាត់ទីបញ្ជាការភ្នំពេញ១០ ទល់នឹង ៤ ។











