ឯក​ឧត្តម សា​ន់ យូ ក្រើន​រំលឹក​ដល់​មន្ត្រីអាជ្ញាធរ​និង​សមត្ថកិច្ច ត្រូវ​សហការ​បង្ក្រាប​បទល្មើស​នេសាទ និងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ឲ្យមាន​ប្រសិទ្ធិ​ភាព

  • កំពង់ឆ្នាំង៖ ឯក​ឧត្តម សាន់ យូ អភិ​បាលរងខេត្តកំ​ពង់​ឆ្នាំង បានក្រើនរំលឹកដល់ម​ន្ត្រីអា​ជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ នៅក្នុង​ស្រុកកំពង់លែង ត្រូវ​សហការគ្នាទ​ប់ស្កាត់​បង្ក្រាបបទល្មើ​សនេ​សាទ និងល្បែងស៊ីស​ងខុសច្បាប់គ្រប់​ប្រភេទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមាន​ប្រសិទ្ធភាព ។ ការក្រើនរំលឹករបស់ឯកឧត្តម បែបនេះ នៅក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ​៣ឆ្នាំរំកិល សម្រាប់ឆ្នាំ២០២៣ ,២០២៥ របស់ស្រុកកំព​ង់លែង នាព្រឹកថ្ងៃទី២​៣ ខែកញ្ញា ឆ្នាំ២​០២​២ ។

    ឯកឧត្តម អភិបាលរងខេត្ត បញ្ជាក់ថា កន្លងទៅនេះមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បានខិតខំយ៉ាងខ្លាំង ដោយបានសហការគ្នាចុះទៅបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានជនមួយចំនួនលបលួចប្រព្រឹត្តដោយមិនព្រមបោះបង់ចោលនូវមុខរបរខុសច្បាប់នេះឡើយ ។ ដូចនេះមន្ត្រីពាក់ព័ន្ធត្រូវរួមគ្នា ចុះទៅផ្សព្វផ្សាយផងនិងធ្វើការបង្ក្រាបជាក់ស្តែងផង ឲ្យមានប្រសិទ្ធិភាព ។

    ជាមួយគ្នានេះ ឯកឧត្តម ក៏ណែនាំឲ្យ មន្ត្រីនិងសមត្ថកិច្ច ត្រូវបង្កើនការយក​ចិត្តទុកដាក់ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដែលក្នុងនោះត្រូវលប់បំបាត់នូវល្បែងស៊ីសង គ្រប់ប្រភេទឲ្យអសពីមូលដ្ឋានរបស់ខ្លួន ។ ពីព្រោះល្បែងស៊ីសងវាមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឲ្យប្រជាពលរដ្ឋ ដែលងប់ងុលនិងល្បែង ត្រូវលក់គោ លក់ក្របី ផ្ទះសំបែង ខាតពេលវេលារកស៊ី ធ្វើឲ្យបែកបាក់គ្រួសារ និងប៉ះពាល់ដល់អនាគតកូនចៅ ដោយសារតែការចាញ់ល្បែងនេះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង