កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងមានខណ្ឌរដ្ឋបាលជលផល ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច និងកម្លាំងសហគមន៍នេសាទ ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាលក្ខណៈទ្រង់ទ្រាយធំ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា បទល្មើសដែលកំពង់កើតមានបច្ចុប្បន្ននេះ មានរបាំងស្បៃមុង និងរបាំងសាច់អួន ដែល កើតមាននៅក្នុងភូមិសាស្ត្រស្រុកបរិបូរណ៍ ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុកជលគិរី។ លោកបញ្ជាក់ថាកន្លងទៅនេះមន្ត្រីជំនាញបានសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ចុះផ្សព្វផ្សាយផង និងបង្រាបផង ប៉ុន្តែនៅតែមិនអស់ គ្រាន់តែថយចុះតែប៉ុណ្ណោះ ។

លោក លី ឡា បានឲ្យដឹងថា ក្នុងរយះពេល២ថ្ងៃនេះ គឺថ្ងៃទី២៦ ,២៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងចម្រុះសម្រេចរុះរើនិងបំផ្លាញចោល នៅនឹងកន្លែង មានរបាំងស្បៃមុង ២៨កន្លែងប្រវែង៦៩០ម៉ែត្រ លូស្បៃមុង ២៨គ្រឿង បង្គោល ៣២០ដើម របាំងសាច់អួន១០កន្លែង ប្រវែង១៥០០ម៉ែត្រ លូសាច់៣៤គ្រឿង បង្គោល៧០០ដើម និងចាក់លែងត្រីល្អិតៗ ចំនួន ១០០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ៕











