កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថាស៊ីម៉ាក់មានតួនាទីយ៉ាងសំខាន់ ក្នុងបេសកកម្មបោសសម្អាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីសង្រ្គោះជីវិតនិងការអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម ហេង រតនា បានមានប្រសាសន៍បែបនេះនៅក្នុងឳកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីន ជំនាន់ទី១៤២ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា វគ្គហ្វឹកហ្វឺននេះពិតជាមានសារៈសំខាន់បំផុត ដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកទេសថ្មីៗ ក្នុងការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែងរបស់ខ្លួន នៅចំការមីន ។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីន ជំនាន់ទី១៤២នេះមានរយះពេល៤ខែ គឺចាប់ពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន២៩១នាក់ ។ ក្នុងនោះ សិក្ខាកាមដែលប្រឡងជាប់ ចំនួន២៨៥ នាក់ បានក្លាយជាកម្លាំងបន្តវេនអ្នកបច្ចេកទេស សកម្មភាពកំចាត់មីន ដើម្បីរួមកម្លាំងគ្នា បោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅក្នុងប្រទេសកម្ពុជា។

កម្លាំងទាំង២៨៥នាក់នេះនឹងត្រូវដាក់ពង្រាយ នៅតាមភូមិភាគប្រតិបត្តិការ របស់អង្គភាពស៊ីម៉ាក់ នៅតាមបណ្តាខេត្តនានា ៕












