ឯក​ឧ​ត្តម ហ៊ុន ម៉ាណែត អញ្ជើញ​សម្ពោធវិ​ហារ​​អាល់រ៉ស់​ម៉ះ និង​សមិទ្ធផ​ល​នានា ក្នុងខេ​ត្តកំពង់​ឆ្នាំង

  • ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាព សម្ពោធវិហារអាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

    ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ សម្រាប់សាសនិកឥស្លាមទាំងអស់ រួមមាន វិហារដ៏ធំ និងសមិទ្ធផលនានាជាច្រើន ជាពិសេសផ្លូវជាតិលេខ ៥ ដែលជាហេដ្ឋារចនាសម្ព័ន្ធបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងគ្រប់សាសនា។

    ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សាសនាមានសារៈសំខាន់ណាស់នៅក្នុងការអប់រំ ជាពិសេសសម្រាប់ការរស់នៅជាប្រចាំរបស់យើង ហើយការណ៍ដែលរក្សាបាននូវសុខដុមនីយកម្មសាសនា គឺកើតពីការរួបរួមគ្នារបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងផ្នែកអាណាចក្រ ពុទ្ធចក្រ និងគ្រប់សាសនាទាំងអស់។

    ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា ប្រទេសកម្ពុជាមិនមានសង្គ្រាម គឺដោយសារគ្រប់សាសនានៅកម្ពុជាមានជោគវាសនាតែមួយរួមគ្នា។ នៅពេលមានទុក្ខ ដូចជាពេលធ្លាក់ក្នុងភ្លើងសង្គ្រាម គឺគ្រប់សាសនាទាំងអស់ក៏រងការបំផ្លាញ ហើយលំបាកវេទនា និងមានការបិទសិទ្ធិសេរីភាពដូចគ្នា។ ហើយនៅពេលមានសុខ គ្រប់សាសនាទាំងអស់ក៏បានរស់ឡើងវិញពីសង្គ្រាម និងទទួលបានសិទ្ធិសេរីភាពដូចគ្នា និងរស់នៅក្រោមដំបូលសុខសន្តិភាពសន្តិភាពដូចគ្នា។

    ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺអាស្រ័យដោយកត្តា ២ យ៉ាង។ ក្នុងនោះរួមមាន ទី១. កត្តាថ្នាក់ដឹកនាំសាសនា ដែលប្រកាន់ការដឹកនាំទៅតាមផ្លូវវិជ្ជមាន និងមានការបដិបត្តិតឹងរ៉ឹង ឬធូរស្រាលទៅតាមជំនឿ ហើយមានគោលជំហររួមរស់ជាមួយគ្នា និងមិនរើសអើង និង ២. កត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស និងបង្កលក្ខណៈគ្រប់បែបយ៉ាងក្នុងការអនុញ្ញាតឱ្យប្រជាជនមានសិទ្ធិក្នុងការជឿ និងគោរពបដិបត្តិសាសនាទៅតាមការពេញចិត្ត ជាពិសេសរាជរដ្ឋាភិបាល ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់គ្រប់សាសនិកទាំងអស់ និងបូកបន្ថែមដោយគោលនយោបាយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់ការអនុវត្តវប្បធម៌ចែករំលែក។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង