ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលបានចូលរួមការពារនូវបាវចនាជាតិ៖ ជាតិ សាសនា ព្រះមហាក្សត្រ ហើយជាគណបក្សដែលតែងបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយប្រកបដោយភាពប្រាកដប្រជា មានចក្ខុវិស័យ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំគ្រប់កាលៈទេសៈ។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃ២៣ ឧសភា ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ជាក់ស្តែង វិស័យសាសនាត្រូវបានរៀបចំឱ្យដំណើរការឡើងវិញភ្លាមៗ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងបានបង្កលក្ខណៈប្រគេនជូនព្រះតេជគុណព្រះសង្ឃដឹកនាំ និងរៀបចំវត្តអារាម និងបដិបត្តិធម៌វិន័យ ជាមួយនឹងការបើកសិទ្ធិសេរីភាពឱ្យប្រជាជនអាចជ្រើសរើសប្រកាន់ជំនឿសាសនាដែលខ្លួនពេញចិត្ត។
មួយវិញទៀត ឯកឧត្តម បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ក៏បានជ្រោងទង់ព្រះមហាក្សត្រឡើងវិញ ដោយដង្ហែរអតីតអង្គព្រះមហាក្សត្រយាងឡើងគ្រងរាជសម្បត្តិឡើងវិញ អនុលោមតាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។



