កំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមដំណើរដោយដៃគូអភិឌ្ឍន៍ នៃមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញទស្សនកិច្ចអំពីដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនិងការផ្តល់កញ្ចប់សិក្សានៅផ្ទះដល់សិស្សថ្នាក់ទី១និងទី២ នៅសាលាបឋមសិក្សា ប៊ុនរានីហ៊ុនសែនរមាស ស្ថិតនៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង ពិនិត្យមើលនូវការប្រើប្រាស់សម្ភារសិក្សាតាមផ្ទះ ដែលកំពុងត្រូវបានចែកចាយទៅដល់សិស្សានុសិស្សកម្ពុជា ថ្នាក់ទី១ និងទី២ ចំនួន ៧៦០ ១៨០នាក់នៅតាមសាលារដ្ឋ។
អញ្ជើញចូលរួមទទួលបដិសណ្ឋារកិច្ច ប្រតិភូក្រសួងអប់រំយុវជននិងកីឡា និង ដៃគូ អភិវឌ្ឍន៍ នាពេលនេះ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និង លោកស៊ឹមប្រឹម ប្រធានមន្ទីរអប់រំយុវជននិង កីឡាខេត្តកំពង់ឆ្នាំង ។គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅសាលារៀនមួយនៅខេត្តកំពង់ឆ្នាំង ដែលទើបតែបានបើកឱ្យសិស្សចូលរៀនឡើងវិញនាពេលថ្មីៗនេះ។ ក្រុមគណៈប្រតិភូបានជួបជាមួយនាយកសាលា និងគ្រូបង្រៀននៅសាលាបឋមសិក្សា ប៊ុន រានី ហ៊ុន សែន រមាស នៅក្នុងឃុំអភិវឌ្ឍន៍ និង បានទទួលការអញ្ជើញឱ្យសង្កេតមើលសិស្សានុសិស្សក្មេងៗកំពុងរៀនសូត្រដោយប្រើប្រាស់កញ្ចប់សម្ភារសិក្សាទាំងនោះ។
គណៈប្រតិភូក៏បានជួបពិភាក្សាជាមួយគ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារ អំពីវឌ្ឍនភាព នៃការបើកសាលារៀនឡើងវិញ និង វិធីដែលពួកគេប្រើប្រាស់កញ្ចប់សម្ភារសិក្សានៅតាមផ្ទះសម្រាប់គាំទ្រកុមារក្នុងការរៀនបំប៉នបន្ថែម ឱ្យតាមទាន់ការរៀនសូត្រទាំងនៅសាលារៀន និងទាំងនៅផ្ទះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្នុងពេលដែលប្រទេសកំពុងងើបឡើងវិញពីជំងឺរាតត្បាតជំងឺកូវីដ-១៩ សាលារៀនក៏បានបើកឡើងវិញ ការអប់រំកុមារតូច គឺជាអាទិភាពចម្បង ហើយសម្ភារសិក្សាតាមផ្ទះនេះ នឹងធានាថា កុមារអាចរៀនសូត្រប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានសំដែងនូវអំណរគុណដល់ដៃគូអភិវឌ្ឍន៍វិស័យអប់រំ ទាំងអស់ SIDA, USAID, យូនីសេហ្វ ភាពជាដៃគូសកលសម្រាប់វិស័យអប់រំ (GPE) និង សហភាពអឺរ៉ុប ចំពោះការគាំទ្រដល់ក្រសួង ដើម្បីជួយគាំទ្រដល់សិស្សានុសិស្សនៅក្នុងគ្រាដ៏លំបាកនេះ។ សម្ភារទាំងនេះគឺជាភស្តុតាងចុងក្រោយបំផុតនៃកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅក្នុងរយៈពេលវែងរវាងក្រសួងអប់រំ យុវជន និងកីឡា និងដៃគូនានា។
សម្ភារដែលត្រូវបានបែងចែក នៅថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយអ្នកជំនាញអប់រំកម្ពុជា មន្រ្តីជំនាញរបស់ក្រសួង អ្នកនិពន្ធនៅក្នុងប្រទេស និង វិចិត្រករ។ សម្ភារទាំងនេះដើរតួនាទីជាធនធានយ៉ាងមានតម្លៃ សម្រាប់សាលារៀន និងសហគមន៍ មិនត្រឹមតែក្នុងអំឡុងនៃការរំខានពីជំងឺកូវីដ-១៩ ប៉ុណ្ណោះឡើយ ប៉ុន្តែសម្រាប់សិស្សជំនាន់ខាងមុខៗផងដែរ ៕