ឯក​ឧត្តម​ ខៀ​វ​ កាញា​រីទ្ធ ​អញ្ជើញ​បើក​សន្និ​បាត​បូក​សរុប​ផល​ទ្ធផល​ការ​ងារ​ឆ្នាំ​៥​ និង​​​លើក​ទិ​ស​​ដៅ​ការ​ងារ​បន្ត​ឆ្នាំ​២០២៣​-២០២៨​ របស់​ក្រ​សួង​ព័ត៌​មាន​

  • ភ្នំពេញ ៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកសន្និបាតបូកសរុបផលទ្ធផលការងារឆ្នាំ៥ និង លើកទិសដៅការងារបន្តឆ្នាំ២០២៣-២០២៨ របស់ក្រសួងព័ត៌មាន ។

    ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អភិបាលរងរាជធានី ខេត្ត និងប្រធាន អនុប្រធានមន្ទីរព័ត៌មានរាជធានី ខេត្តផងដែរ ។

    នាឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា សម្រាប់សន្និបាតក្រសួងព័ត៌មាន ត្រូវបានអាក់ខានរៀបចំរយៈពេល ៣ឆ្នាំ​​មកហើយ ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ ការបើកសន្និបាតនេះ គឺដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក ដែលជាឱកាសដ៏មាន​សារសំខាន់សម្រាប់ក្រសួងព័ត៌មានធ្វើការពិនិត្យ និងវាយតម្លៃលទ្ធផលកាលានុវត្តភាព និងបញ្ហាប្រឈម ក៏ដូចជាចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ ចំណេះដឹងពីគ្នាទៅវិញទៅមក ដើម្បីរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងទិសដៅការងារសម្រាប់អនុវត្តបន្តឱ្យកាន់​តែមានគុណភាព ប្រសិទ្ធភាព ស៉ីសង្វាក់ប្រទាក់ក្រឡាគ្នា ឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង ដើម្បីអភិវឌ្ឍន៍វិស័យព័ត៌មាន ឱ្យកាន់តែរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

    ឯកឧត្តម ខៀវ កាញារីទ្ធ បានបន្តថា ស្ថិតនៅក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ និងវិបត្តិនយោបាយសកល បានបង្កឱ្យមានផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចចក្ខុ វិស័យឆ្នាំ២០៣០ និង២០៥០។ ក៏ប៉ុន្តែជារួមលើវិស័យព័ត៌មាន និង​សោតទស្សន៍យើងនៅរក្សាបានវឌ្ឍន៍ ភាពគួរជាទីមោទនៈ ដោយសារយើងបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនាពេលកន្លងមក ក្រោមម្លប់សុខ សន្តិភាព ការអភិវឌ្ឍ និងការលើកកម្ពស់សិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មានដែល ធ្វើឱ្យក្រសួងព័ត៌មាន អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យគួរជាទីមោទនៈ។

    បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ជាក់ស្តែងបច្ចុប្បន្នសារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីរួមមាន៖ កាសែត ព្រឹត្តិ​បត្រ ទស្សនាវដ្តី ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានចំនួន ៦៦១អង្គភាព គេហទំព័រ និងទូរទស្សន៍អនឡាញ មានចំនួន ៨៧៨អង្គភាព វិទ្យុFM ដែលកំពុងដំណើរការផ្សាយមានចំនួន ២២១ស្ថានីយ ទូរទស្សន៍ផ្សាយ ផ្ទាល់មានចំនួន ១៩ស្ថានីយ និងផ្សាយបន្តមានចំនួន ១៦៥ស្ថានីយ ទូរទស្សន៍ផ្កាយរណបមានចំនួន ២ស្ថានីយ (Sky One និងតេជោ DTV) ទូរទស្សន៍ឌីជីថល (Pay TV) មានចំនួន៤ស្ថានីយ និងទូរទស្សន៍ ប្រភេទ OTT (Over The- Top) មាន ៦ស្ថានីយ ។

    ចំណែកទីភ្នាក់ងារសារព័ត៌មាន បរទេស និងការិយាល័យ តំណាងវិទ្យុ ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជា មានចំនួន ១៧អង្គភាព និងសមាគមសារព័ត៌មានសរុបមានចំនួន ៥១អង្គភាព។ សមិទ្ធផលទាំងនេះ បានបង្ហាញអំពីការបើកទូលាយសិទ្ធិ សេរីភាព នៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ព្រមទាំងសក្តានុពលសក្ដានុពលនៃប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង