កំពង់ឆ្នាំង ៖បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលយូរឆ្នាំ ទីបំផុតទៅពន្លឺក្តីសង្ឃឹមនៃការសាងសង់ផ្លូវនិងស្ពានឆ្លងកាត់ទន្លេសាបតភ្ជាប់ក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង ឆ្ពោះទៅខេត្តកំពង់ធំ ត្រូវបានប្រកាសបង្ហាញកាលបរិច្ឆេទសាងសង់ច្បាស់លាស់ហើយ គឺនៅឆ្នាំ២០២៤ ។

ដំណឹងនេះត្រូវបានប្រជាពលរដ្ឋអ្នកខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ជាពិសេសអ្នកស្រុកកំពង់លែង មានសេចក្តីត្រេកអរយ៉ាងខ្លាំង ។ ស្រុកកំពង់លែង ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងកំពង់ឆ្នាំង ឡើយ តែដៃទន្លេសាប បានខណ្ឌចែកស្រុកនេះហាក់នៅសែនឆ្ងាយ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ស្រុកកំពង់លែងហាក់ជា តំបន់ឯកោមួយ ដោយសារតែមធ្យោបាយ នៃការធ្វើដំណើរមានសភាពលំបាក ព្រោះត្រូវឆ្លងទន្លេ។

បន្ទាប់ពីបានទទួលដំណឹងច្បាស់លាស់នៃការសាងសង់ស្ពាន និងផ្លូវមួយខ្សែនេះ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានសម្តែងការរីករាយជាខ្លាំង។ ជួសមុខឱ្យប្រជាពលរដ្ឋនៅទូទាំងខេត្តបានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅជាទីបំផុត ។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា បន្ទាប់ពីមានស្ពាន និងផ្លូវមួយខ្សែនេះ ខេត្តកំពង់ឆ្នាំង នឹងក្លាយជាកន្លែងធ្វើដំណើរឆ្លងកាត់មមាញឹក ជាពិសេសអ្នកត្រូវធ្វើដំណើររវាងផ្លូវជាតិ លេខ៥ និងផ្លូវជាតិលេខ៦ ដោយមិនតម្រូវឱ្យវាងឆ្ងាយទៀតនោះឡើយ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ស្ពាន និងផ្លូវនេះ នឹងធ្វើឱ្យស្រុកកំពង់លែង ប្រែពីតំបន់ស្ងប់ស្ងាត់ តំបន់ឯកោ ទៅជាតំបន់មួយមានការទាក់ទាញ ផ្នែកទេសចរណ៍ខ្ពស់ ព្រោះថាស្រុកកំពង់លែងជាតំបន់ប្រជុំដោយកោះ ទន្លេ និងភ្នំ ដែលមានសម្រស់ ស្រស់ត្រកាលមួយក្នុងទឹកដីខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវ៥០សេ និងស្ពាននេះ មានប្រវែងសរុប ៥៨គីឡូម៉ែត្រ ក្នុងនោះស្ពានមានប្រវែង៣ ៣០០ម៉ែត្រដែលនឹងក្លាយជាស្ពាន ដែលវែងជាងគេនៅកម្ពុជា ។ ផ្លូវនិងស្ពាននេះ គ្រោងចំណាយថវិកាប្រមាណ ២៥០លាន ដុល្លារ អាមេរិក ៕










