ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោគ បានលើកឡើងថា សម្រាប់ទិសដៅទៅអនាគត គន្លឹះធំបំផុតនៃការកសាងធនធានមនុស្ស គឺការពង្រឹងគុណភាពអប់រំនៅថ្នាក់បឋម រហូតដល់ថ្នាក់ទី១២ ជាពិសេសនៅតាមបណ្តាគ្រឹះស្ថានរដ្ឋ។ ការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដូចនេះបានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា ការពង្រឹងគុណភាពអប់រំនៅថ្នាក់បឋម រហូតដល់ថ្នាក់ទី១២ គឺជាមូលដ្ឋានគ្រឹះដើមដំបូង ដែលត្រូវចម្រាញ់យកគុណភាពឱ្យបានជាចាំបាច់ ពីព្រោះគុណភាពអាស្រ័យជាចម្បងលើការផ្តល់ការអប់រំ និងហាត់ពត់លត់ដំតាំងពីក្មេងវ័យ ជាពិសេសនៅក្នុងមជ្ឈដ្ឋានសាលា និងគ្រួសារតែម្តង ដើម្បីទទួលបាននូវធនធានមនុស្ស ដែលគ្រប់ជ្រុងជ្រោយ ទាំងលើកត្តាសមត្ថភាពចំណេះដឹង សុខភាព គុណធម៌ សីលធម៌ វិន័យ និងការទទួលខុសត្រូវ ។
ជាមួយគ្នានេះ ឯកឧត្តម បន្ថែមថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែចូលរួមពង្រឹងឯករាជ្យម្ចាស់ការរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីសំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងដែលកាន់តែស្វិតស្វាញក្នុងចរន្តសាកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ននេះផងដែរ។ គម្លាតខួរក្បាល ខុសពីគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ កម្ពុជាត្រូវប្រើពេលវេលាខ្លះ ដើម្បីកាត់បន្ថយគម្លាតហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែចំពោះគម្លាតខួរក្បាល គឺអាចត្រូវបានដោះស្រាយបានលឿនជាង ប្រសិនបើ មានឱកាសអប់រំសិក្សារៀនសូត្រ និងការបង្កលក្ខណៈ ជាពិសេសក្នុងដំណាក់កាលសុខសន្តិភាព ដូចពេលបច្ចុប្បន្ន ពីព្រោះថាមនុស្សមានសមត្ថភាពខួរក្បាលដូចគ្នា ដើម្បីអភិវឌ្ឍខ្លួនទៅមុខ ដោយមិនបែងចែងរវាងជាតិសាសន៍ និងប្រទេសតូចធំនោះឡើយ ៕











