ក្រសួង​សាធារណ​ការ និងដឹក​ជញ្ជូន មិន​អនុញ្ញា​ត​ឱ្យ​ធ្វើ​ចរាចរយាន​យន្តគ្រប់ប្រភេទ​លើផ្លូវ​ល្បឿន​​លឿន ភ្នំពេញ-ក្រុងព្រះ​សីហនុ

  • ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះតទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរយានយន្តគ្រប់ ប្រភេទ​លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ក្រុងព្រះសីហនុ ទៀតនោះទេ លើកលែង​យានយន្តដែលបម្រើ ការងារឱ្យគម្រោង និង​យានយន្តមាន​តម្រូវការ​​ចាំបាច់​ដែលមានការអនុញ្ញាត​ពីក្រសួងតែប៉ុណ្ណោះ ។

    ការមិនអនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរយានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿន​នេះ​ត្រូវបាន ក្រសួងសាធារណ​ការ និងដឹកជញ្ជូន បញ្ជាក់ថា ដោយសារគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែល វិនិយោគសាងសង់​​ដោយ​​ក្រុមហ៊ុនសារជីវកម្មស្ពាន​ថ្នល់​​ចិន(CRBC) បាន និងកំពុងដំណើរ​ការសាងសង់ មិនទាន់បញ្ចប់​ទាំងស្រុងទេ ជាពិសេសនៅមិនទាន់​បានបំពាក់​​បរិក្ខារសុវត្ថិភាព​​ចរា​​ចរណ៍​នៅឡើយ។ បច្ចុប្បន្ន ការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូល​ប្រើ​ប្រាស់ផ្លូវនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។

    ក្រសួង បានសង្កត់ធ្ងន់ថា ដើម្បីជៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់​តាម​ពេលវេលាដែលបានគ្រោងទុក និងជៀសវាងការបង្កគ្រោះថ្នាក់ក្នុងការ ធ្វើដំណើរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេច​ឱ្យក្រុម​​ហ៊ុនសាងសង់បិទគ្រប់​​ច្រក​​ចេញ-ចូល ដោយមិនអនុញ្ញាត​​ឱ្យយាន​យន្តគ្រប់ប្រភេទ ចូល​ប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើ ការងារឱ្យ​គម្រោង និងយានយន្តមានតម្រូវការ​ចាំបាច់​ដែលមានការអនុញ្ញាតពីក្រសួងតែប៉ុណ្ណោះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង