នៅក្នុងសារាចរណែនាំ ស្តីពីការថែទាំស្រូវរដូវវស្សា កាលពីថ្ងៃពី២៧ ខែឧសភាម្សិលមិញ ឯកឧត្តម វេង សាខុន រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការចាំបាច់ និងបន្ទាន់មួយចំនួន ដើម្បីធានាបានសន្តិសុខស្បៀង និងឈានសម្រេចបានតាមគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ជាពិសេសដើម្បីឱ្យលទ្ធផលនៃការងារបង្កបង្កើនផលសម្រេចបានល្អប្រសើរ ទៅតាមផែនការគ្រោងទុក ខណៈការដាំដុះដំណាំស្រូវវស្សាឆ្នាំនេះមានភាពយឺតយ៉ាវជាងឆ្នាំមុន ដោយសារតំបន់មួយចំនួនលិចទឹក និងជោគជាំពេកដែលកសិករមិនអាចភ្ជួររាស់បាន។វិធានបន្ទាន់ដែលរដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ នោះរួមមាន ឲ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះណែនាំកសិករឱ្យយកចិត្តទុកដាក់ពិនិត្យស្រែ និងត្រៀមលក្ខណៈរៀបចំដីស្រែ ជាពិសេសត្រូវបិទភ្លឺ និងបូមទឹកចេញពីក្នុងស្រែករណីមានការលិចលង់ដោយជំនន់ទឹកភ្លៀងដើមរដូវនេះ ជំរុញឱ្យប្រជាកសិករចាប់ផ្ដើមដាំដុះស្រូវរដូវវស្សាពឹងទឹកភ្លៀងនៅតំបន់ខ្ពស់ ដែលកសិករទម្លាប់ដាំដុះក្នុងខែកក្កដា ឬខែសីហា ឱ្យប្រញាប់ប្រញាល់ដាំដុះ ព្រោះឆ្នាំនេះមិនមានកូនរដូវប្រាំងនោះទេ។
ឯកឧត្តម រដ្ឋមន្តី្រ ក៏ឲ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះណែនាំដល់កសិករពីបច្ចេកទេសថែទាំដំណាំស្រូវ ដូចជាការប្រើប្រាស់ជីបំប៉ន ថ្នាំកសិកម្ម និងការគ្រប់គ្រងសមាសភាពចង្រៃ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងឲ្យត្រៀមឧបករណ៍ សម្ភារៈ និងគ្រាប់ពូជស្រូវ សម្រាប់ដាំដុះស្តារឡើងវិញក្នុងករណីមានការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ។
គួបញ្ជាក់ថា នៅរដូវវស្សាឆ្នាំ២០២២នេះ ដោយទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿនជាងបណ្តាឆ្នាំមុនៗ និងរាយប៉ាយស្ទើរគ្រប់ តំបន់ដែលបានផ្តល់អំណោយផលដល់ការដាំដុះដំណាំស្រូវដើមរដូវ។គិតត្រឹមថ្ងៃទី២៥ ខែឧសភា កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានជាង៥០ម៉ឺនហិកតា ស្មើនឹង១៩,១៩ភាគរយ នៃផែនការជាង២លាន ហិកតា ។ បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា ការដាំដុះដំណាំស្រូវវស្សាមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់បាន។
ជាក់ស្ដែង នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បានជួបប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងនៅដើមរដូវ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណជាង៦ពាន់ហិកតា និងខូចខាតចំនួនជាង៣ពាន់ហិកតា ៕