អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបង្ហាញក្តីកង្វល់ចំពោះបទល្មើសគ្រឿងញៀន បើទោះបីបទល្មើសព្រហ្មទណ្ឌថយចុះជិត៥០ភាគរយក្នុងឆ្នាំ២០២១។ ការបង្ហាញក្តីកង្វល់របស់អាជ្ញាធរ ចំពោះបទល្មើសគ្រឿងញៀនដែលកើតមានឡើងនៅក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅក្នុងពិធី “បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ”នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទោះបីជានៅក្នុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌនៅក្នុងរាជធានីភ្នំពេញ បានកើតមានចំនួន៣២៨លើក បានការថយចុះ ៣២៦លើក ស្មើនឹង៤៩,៨ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ក្តី ប៉ុន្តែបទល្មើសគ្រឿងញៀន ក៏នៅតែជាក្តីកង្វល់រួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលចាំបាច់ត្រូវតែបន្តយកចិត្តទុកដាក់រួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហានេះ។
ឯកឧត្តម បានបន្ថែមថា ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌដែលបានកើតឡើងក្នុងឆ្នាំ២០២១ បាន៩៤,៨ភាគរយ នៃចំនូនបទល្មើសរួម បានបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌសុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសកាន់តែមានប្រសិទ្ធភាព។ ជាពិសេសការយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយរក្សាបានសន្តិសុខ-សណ្ដាប់ធ្នាប់ សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
គួរបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួន៦៣០៨ករណី ។ ក្នុងចំណោមករណីបង្ក្រាបបាន គឺឃាត់ខ្លួនជនសង្ស័យសរុប១៣៩៧៩នាក់ មានជនបរទេសចំនួន៣៦៥នាក់ ៕










