ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវដល់កម្លាំងកងទ័ពទាំងអស់ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព និងត្រូវរារាំងកុំឲ្យអ្នកនយោបាយអគតិណាមួយ មានឱកាសមកបំផ្លាញសុខសន្តិភាព និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញជាដាច់ខាត។ ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ដូចនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីបញ្ជាការ អគារស្នាក់នៅ អគារសាលប្រជុំ អគារកងអនុសេនាតូចព្រំដែន និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងតាកែវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
បន្ថែមពីលើការអំពាវនាវបន្តថែរក្សាសន្តិភាពនៅក្នុងពិធីសម្ពោធនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែក្រើនរំលឹក និងជំរុញជាប់ជាប្រចាំឲ្យថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់កម្រិត អោយគិតគូរចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដោយសម្តេចទាំងពីរ បានធ្វើការកៀរគរសប្បុរសជន និងបង្កើតឱ្យមានយន្តការឧបត្ថម្ភ ប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា កាយវិការនិងទឹកចិត្តដ៏ប្រពៃនេះរបស់លោកទាំងពីរគឺជាការតបស្នងសងគុណរៀមច្បងអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ នៅលើសមរភូមិជាច្រើន ក្នុងសម័យកាលដែលប្រទេសយើងឆ្លងកាត់សង្គ្រាម ដើម្បីនាំមកនូវសុខសន្តិភាពពេញលេញ បរិបូរណ៍ ដូចពេលបច្ចុប្បន្ន និងមិនដែលធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជានាពេលជាង៥០០ឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏អរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ដែល បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺ-១៩ ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់។ ជាពិសេសគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត ដោយបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ តាមរយៈការវាយតម្លៃស្ថានការណ៍ និងពិចារណា វិនិច្ឆ័យ ហ្មត់ចត់ គ្រប់ជ្រុងជ្រោយ អារកាត់រហ័សទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង ការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងការថែទាំព្យាបាល នៅទូទាំងប្រទេស ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនទាំងខ្មែរ និងបរទេស ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការនយោបាយណាមួយទ្បើយ៕











