កង​ទ័ព​ជើង​គោក ​កម្ពុជា​-ថៃ​ ចុះ​ហត្ថ​លេខា​រួមគ្នា​លើ​“លក្ខ​ខណ្ឌ​ស្តី​ពី​កិច្ច​សហប្រ​តិ​បត្តិ​ការ​” ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព​

  • កងទ័ពជើងគោកកម្ពុជា-ថៃ បានសម្រេចចុះហត្ថលេខារួមគ្នាលើ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំង២ប្រទេស” ក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការជំរុញឱ្យមានកិច្ចពិភាក្សាដោយបើកចំហលើប្រធានបទដែលផ្តល់ផលប្រយោជន៍រួម។

    ការចុះហត្ថលេខារួមគ្នានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

     

    បើតាមសេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក បានបញ្ជាក់ថា ឯកសារដែលបានចុះហត្ថលេខារួមគ្នាគឺជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវ ដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍នេះ អាចចាត់ទុកថាជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរផងដែរ។

    ក្នុងជំនួបនេះដែរ ភាគីទាំងពីរកម្ពុជា ថៃ ក៏បានសម្តែងមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជា អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍរីកចម្រើនរួមគ្នាទាំងក្នុងពេលបច្ចុប្បន្ន និងសក្តានុពលបន្តទៅមុខ ជាពិសេសកិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងពេលជួបគ្រោះយថាហេតុផ្សេងៗ ដូចជា កិច្ចសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម។

    ទន្ទឹមគ្នានេះ កងទ័ពជើងគោកនៃប្រទេសទាំងពីរ បានប្តេជ្ញាខិតខំចូលរួមចំណែកក្នុងការកសាង និង ពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយឈរលើស្មារតីអត់ធ្មត់ និងសម្របសម្រួលដោះស្រាយបញ្ហាតាមយន្តការគ្រប់កម្រិត ក្នុងគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញទៅមក។

    ក្រៅពីផ្តោតសំខាន់ការងារកិច្ចសហប្រតិបត្តិការ ក្នុងជំនួបនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ចំពោះការគាំទ្រលទ្ធផលដំណើរទស្សនកិច្ចរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណង ដើម្បីចូលរួមចំណែកបញ្ចៀសអំពើហិង្សា សង្គ្រាមស៊ីវិល និងវិបត្តិមនុស្សធម៌ ក៏ដូចជាដើម្បីធ្វើយ៉ាងណារកមធ្យោបាយធ្វើឱ្យអាស៊ានអាចរក្សាបាននូវមជ្ឈិមភាពរបស់ខ្លួន និងអាចពង្រឹងសាមគ្គីភាពល្អឡើងវិញ ដោយឈរលើគោលការណ៍នានាដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង