រដ្ឋបាល​ខេត្តកំព​ង់ឆ្នាំង ផ្សព្វ​ផ្សាយ​និង​​ពង្រឹង​វិធាន​ការ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់ និងការ​ទប់​ស្កាត់​ការ​រីករាលដាល​ជំងឺ​កូវីដ​១៩

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំ​ពង់ឆ្នាំង បានធ្វើការផ្សព្វផ្សាយ និង​ ពង្រឹងវិធានការការពារសន្តិសុខ​សណ្តាប់​ធ្នាប់ និង ការទប់ស្កាត់ ការរីករាលដាល​ជំងឺកូវីដ១៩ ក្នុងឱកាសនៃការឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ និយោជិកនាពេលខាងមុខ ។


    លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងអំឡុងពេលឈប់សំរាកសម្រាប់រយៈពេលប្រាំថ្ងៃជំនួសថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃ​ណី​ជាតិខ្មែរកន្លងមក ។ ដែលទាមទារឲ្យមន្ត្រីអាជ្ញាធរ គ្រប់មូលដ្ឋានទាំងអស់តាមដាននិងកត្តាប់ព័ត៌មានឲ្យបានច្បាស់នូវស្ថានភាពសុខភាពរបស់​ប្រជា​ពលរដ្ឋ ក្នុងងមូលដ្ឋាន ។ ហើយក្នុងពេលឈប់សំរាករយៈពេលយូរនេះ បងប្អូនប្រជាពលរដ្ឋនឹងមានការអញ្ជើញធ្វើដំណើរ​ទៅជួបជុំក្រុមគ្រួសារនៅ​ស្រុក​​​កំណើត ឬ មានដំណើរកំសាន្តទៅកាន់រមណីដ្ឋាននានានោះ មន្ត្រីអាជ្ញាធរត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យបន្តអនុវត្តវិធានការ​​ការពារខ្លួន​​ឲ្យ​​បាន​ខ្ជាប់ខ្ជួន ប្រកាន់យកនូវការរស់នៅបែបគន្លងថ្មី ដោយចេះកែប្រែទម្លាប់ និង ឥរិយាបថប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ទោះបីក្នុងពេលវេលាណា កាលៈទេសៈ​ណា និងនៅទីកន្លែង​ណា​ក៏ដោយ ។

    ក្នុងឧ៌កាសនោះ ឯកឧត្តម ឈូរ ច័ន្ទឌឿន បានកោតសរសើរដល់មន្រ្តីជំនាញគ្រប់អង្គភាពជុំវិញ​ខេត្តដែលបានខិតខំ​​ប្រឹងប្រែង​​ផ្សព្វផ្សាយ​នូវវិធាន​ការ​​ស្តីពី​ការទប់ស្កាត់ជំងឺកូវីឌ១៩ តាមភូមិ ឃុំ និង ពង្រឹងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនាពេលកន្លងមក ។

    ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់គ្រប់ស្ថាប័នជំនាញពាក់ព័ន្ធកុំឲ្យមានធ្វេសប្រហែស និង បន្តធ្វើការផ្សព្វផ្សាយនូវវិធានការទប់ស្កាត់​ជំងឺដ៏​កាច​​សាហាវនេះអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីធានាបាន គ្មានការចម្លងជំងឺកូវីដ១៩នៅក្នុង​សហគមន៍ ទោះបីពេលនេះ​កំពុង​មានការកើនឡើងករណីនាំចូលពីក្រៅប្រទេសក្តី ។

    ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវវិធានការមួយចំនួន ដល់សមត្ថកិច្ចជំនាញ អាជ្ញាធរមូលថ្ឋានគ្រប់លំដាប់ថ្នាក់ និង អ្នកពាក់ព័ន្ធ​​ទាំង​អស់ ត្រូវរៀបចំសន្តិសុខសណ្តាប់ធ្នាប់តាមទីសាធារណៈនានា ដោយធានាបាននូវសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង