រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអភិបាលរាជធានីភ្នំពេញ។ រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងដែលជារដ្ឋាភិបាលជប៉ុនផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ជាប្រភេទរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច រួមមាន រថយន្តបូមទឹកពន្លត់អគ្គិភ័យចំនួន២គ្រឿង, រថយន្តពន្លត់អគ្គិភ័យបំពាក់ដោយសារធាតុគីមីចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយជណ្តើរកម្ពស់៤០ម៉ែត្រ ចំនួន១គ្រឿង ។
ក្នុងពិធីប្រគល់ទទួល រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្តល់នូវជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យដែលមានសមត្ថភាពរបស់ជប៉ុននាពេលនេះ គឺពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងទីក្រុង បានទាន់ពេលវេលា និងកាន់តែប្រសើរឡើង ស្របពេលដែលរាជធានីភ្នំពេញ កំពុងប្រឈមទៅនឹងបញ្ហាការងារបង្ការ និងពន្លត់អគ្គិភ័យដែលអាចកើតមានចំពោះសំណង់អគារខ្ពស់ៗ និង បណ្តាអាជីវកម្មដ្ឋានងាយឆាបឆេះ ។
ជាមួយគ្នានេះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត ជប៉ុនប្រចាំនៅកម្ពុជា ក៏រំពឹងដែរថា រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង នឹងអាចអនុវត្តការសង្គ្រោះ និងឆ្លើយតបបន្ទាន់ទៅនឹងគ្រោះអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ និងឧប្បត្តិហេតុនានាដែលបង្កឡើងដោយវត្ថុធាតុដែលមានគ្រោះថ្នាក់ខ្ពស់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដែលបំពាក់ដោយសារធាតុគីមី ជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញថា ក្នុងឆ្នាំ២០២១ កន្លងទៅ គ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ បានកើតមានឡើងចំនួន ១៣០ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២ នាក់របួសចំនួន២៣ នាក់ និងបានបណ្តាលឱ្យខូចខាតទ្រព្យ សម្បត្តិ ដូចជា ឆេះផ្ទះ២៨ខ្នង ឃ្លាំង រោចក្រ ១០ កន្លែង បន្ទប់ស្នាក់នៅ ៣៦ បន្ទប់ រថយន្ត ៣៦ គ្រឿងយានយន្ត គ្រឿងចក្រ និងសម្ភារះ-បរិក្ខារមានតម្លៃជាច្រើនទៀត។ដោយឡែក គ្រោះអគ្គិភ័យកើតឡើងក្នុងឆ្នាំ២០២១នៅទូទាំងប្រទេសសរុបមានចំនួន ៦៧០លើក សម្លាប់មនុស្ស ១៨នាក់ និងរបួស ៣៥នាក់ ។ រីឯមូលហេតុ នៃគ្រោះអគ្គិភ័យទាំងនោះ កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ៣៩ភាគរយ បង្កដោយភ្លើងទៀនធូប ៣៨ភាគរយ និងពុំដឹងមូលហេតុ ២៨ភាគរយ។












