អភិ​​បាល​ខេត្តកំពង់ឆ្នាំង សម្រេច​បង្កើត​ក្រុម​ការងារ​ចុះដោះស្រាយ​ទំនាស់ និង សំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ ក្រុមការងារចុះដោះស្រាយទំនាស់និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមក្រុង ស្រុកទាំង៨ របស់ខេត្តកំពង់ឆ្នាំង បានចេញជាផ្លូវការហើយនឹងចុះអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។សេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការបង្កើតក្រុមការងារចុះដោះស្រាយទំនាស់និងសំណូមពររបស់ប្រជាពលរដ្ឋត្រូវបានផ្សព្វផ្សាយជាផ្លូវការ នៅក្នុងកិច្ចប្រជំ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតក្រុមការងារ ចុះដោះស្រាយទំនាស់និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្រុង ស្រុកទាំង៨ របស់ខេត្តកំពង់ឆ្នាំង នាពេលនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានករណីបណ្តឹង រវាងបុគ្គល និង បុគ្គល ឬរវាងបុគ្គល និង ស្ថាប័នរដ្ឋ ឬឯកជន បានធ្វើការដោះស្រាយ សម្របសម្រួល ទទួលយកបានទាំអស់គ្នាគ្រប់ភាគីពាក់ព័ន្ធ ។

    ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតនូវយន្តការចុះដោះស្រាយទំនាស់ និង សំណូមពរ របស់ប្រជាពលរដ្ឋនាពេលនេះ ពិតជាមានសារសំខាន់បំផុត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅមូល ដ្ឋានកាន់តែមានភាព ជឿជាក់ លើកការដឹកនាំរបស់រាជរដ្ឋាភិបាល និង អាជ្ញាធរខេត្ត ដែលបានជួយដោះស្រាយនូវទុក្ខកង្វល់របស់ពួកគាត់ នៅពេលដែលប្រជាពលរដ្ឋជួបកាលំបាក។

    ឯកឧត្តម អភិបាលខេត្តកបានបញ្ជាក់ទៀតថា ដើម្បីដោះស្រាយទំនាស់មានប្រសិទ្ធភាពនោះ ក្រុមការងារត្រូវតែឈរលើមូលដ្ឋានច្បាប់ មានឆន្ទៈពិតប្រាកដ និង ពុំមានបុគ្គល ឬ មន្រ្តីណាម្នាក់ពាក់ព័ន្ធនិងផលប្រយោជន៍ នៃសំណុំរឿងនោះឡើយ ។

    ក្រោយពីទទួលបានព័ត៌មាននេះ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង បាសំដែងនូវការគាំទ្រ ចំពោះយុទ្ធនាការ នៃការចុះដោះស្រាយទំនាស់ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង និង បានបញ្ជាក់ថា ប្រសិនបើអាជ្ញាធរខេត្ត ដោះស្រាយបញ្ចប់រាល់ទំនាស់ដែលកើតមានឡើងក្នុងមូលដ្ឋានមែននោះពិតជាល្អ ជាពិសេសគឺទំនាស់រវាងប្រជាពលរដ្ឋ និង អ្នកមានលុយមានអំណាច ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង