កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានកំណត់ឲ្យអភិបាលរងខេត្តទាំងអស់ ដែលទទួលបន្ទុកក្រុង ស្រុក និមួយៗត្រូវចុះដោះស្រាយបញ្ហាប្រឈមនិងទំនាស់ផ្សេងៗ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព ។ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង
អភិបាលរងខេត្តកំពង់ឆ្នាំង មួយរូបគឺលោក ឈិនសេងងួន កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២១នេះ តទៅឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្តដែលទទួលបន្ទុកក្រុង ស្រុក និមួយៗត្រូវសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន ចុះដោះស្រាយបញ្ហាប្រឈម និងទំនាស់ផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការចុះដោះស្រាយទំនាស់នេះ គឺធ្វើតែទំនាស់ណាដែលមិនពាក់ព័ន្ធជាមួយតុលាការតែប៉ុណ្ណោះ ។ ចំពោះរឿងដែលដែលស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ មិនត្រូវធ្វើនោះទេ ទុកឲ្យតុលាការ ជាអ្នកអនុវត្តន៍ ៕










