កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ១២០គ្រួសារមកពីសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និង រងផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានទទួលអំណោយជាស្បៀង ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ។

អំណោយទាំងនេះត្រូវបានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ក្រុងកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅបរិវេណវត្តទេពធីតារ៉ាម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវលោកជំទាវ ជូ ប៊ុនអេង បានសំដែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងល្អក្នុងការជួយប្រជាពលរដ្ឋ ជួបការលំបាក និង រងគ្រោះដោយគ្រោះធម្មជាតិនានា ។

លោកជំទាវជូ ប៊ុនអេង ក៏បានអំពាវនាវដល់មាតា បិតា អាណាព្យាបាលទាំងអស់ ដែលកូនគ្រប់អាយុដែលបានកំណត់សូមប្រញាប់រួសរាន់នាំកូនប្រុស ស្រី មកទទួលវ៉ាក់សាំងបង្ការជំងឺកូវិដ១៩ ឱ្យបានគ្រប់ៗគ្នា នៅតាមពេលវេលា និង ទីតាំងដែលបានកំណត់ ។

អំណោយដែលត្រូវចែកជូនជូនប្រជាពលរដ្ឋចំនួន១២០គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មីកំប៉ុង២យួ ត្រីខកំប៉ុង១យួរ ម៉ាស់១ប្រអប់ និង អាល់កុល១ដប ៕











