ស្ពានបេតុងឆ្លងប្រឡាយទួលពង្រ១ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចំនួន ៧កន្លែង គ្រោងបញ្ចប់ការសាងសង់ដំណាច់ខែសីហាខាងមុខ។ នេះបើតាមរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហានេះ។
បើតាមលោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ក្នុងសង្កាត់ចោមចៅទី១ មានទទឹងទំហំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេការពារដីបាក់ចូលប្រឡាយ ។
លោកប្រធានមន្ទីរ បានបន្តថា ប្រឡាយទួលពង្រទី១នេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូររំដោះទឹកដែលជន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគម្រោងស្តារប្រឡាយនេះបញ្ចប់ នឹងអាចជួយកាត់បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកម្រិតធំ។
គួរបញ្ជាក់ថា ប្រឡាយទួលពង្រ១ មានទទឹង៨ម៉ែត្រ បណ្ដោយជា៤គីឡូម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង ។ ក្រៅពីស្ពានឆ្លងកាត់ប្រឡាយ គម្រោងស្តារប្រឡាយនេះ ក៏មាន ការដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង៤៤៥ម៉ែត្រ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែងជាង១ពាន់ម៉ែត្រ និងដាក់លូជ្រុងចំណុចផ្លូវ ឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ៕










