អាជ្ញា​​ធរ​បើក​ប្រតិ​បត្តិការបង្ក្រាបល្បែង​ស៊ី​សងទ្រង់ទ្រាយធំ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឃាត់មនុស្សជាង៣០នាក់ និងដកហូតម៉ូតូជាង១០គ្រឿង

  • ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងទ្រង់ទ្រាយធំមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ ដោយឃាត់ខ្លួនមនុស្សចំនួន៣២នាក់ និង ដកហូតម៉ូតូចំនួន១៤គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងក្រោមបទបញ្ជា និង ដឹកនាំផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល​​​ ខណ្ឌដូនពេញ, លោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌ និងនាយករដ្ឋបាលខណ្ឌ លោកចាប ឌីណា ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងប្រជាការពារជាច្រើននាក់ផ្សេងទៀត។លោក សុខ ពេញវុធ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានសំងាត់ស្តីពីល្បែងស៊ីសងខាងលើនេះ លោកបានសុំគោលការណ៍ពីអភិបាលរាជធានីភ្នំពេញ រួចដឹកនាំកម្លាំងចុះមកបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្សជាក់ស្តែង ចំនួន៣២នាក់ ដកហូតម៉ូតូជាង​១០គ្រឿង និងវត្ថុតាងមួយចំនួនទៀត។លោកអភិបាលខណ្ឌបានបន្តថា សម្រាប់មនុស្សទាំងនេះ និង វត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី​​ធ្វើការសួរនាំ និងញែកឲ្យឃើញថាតើនរណាខ្លះជាម្ចាស់ទីតាំង និងអ្នកលេងរួចបន្តចាត់ការតាមច្បាប់មិនលើកលែងឲ្យឡើយ។លោកថា ការលួចបើកបនល្បែងខុសច្បាប់ទាំងនេះ គឺបានបំពានវិធានការសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាល និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែប្រឹងប្រែងនិងមួយទៀតបានធ្វើឲ្យប៉ះពាល់ដល់ ក្រុមយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី។ សម្រាប់មនុស្សទាំងនេះ នឹងត្រូវធ្វើតេស្តរកកូវីដ ហើយបើករកឃើញវិជ្ជមានត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រួចពេលចប់នឹងចាត់ការបន្តតាមផ្លូវច្បាប់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង