កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥ និង១៥នាទី កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនដឹកនាំដោយ លោកវរសេនីយ៍ឯក ពៅ ស៊ីផាន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិចំការតាម៉ៅ ឃុំ ស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៉ី ពេជ្រ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន៣កញ្ចប់ (ទម្ងន់ ២៥,៥៩ក្រាម) ទូរស័ព្ទ ១គ្រឿង, សម្ភារៈវេចខ្ចប់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ៕ដោយ៖ គន្ធនិវឌ្ឍន៍










