ឯក​ឧត្តម​ អម​ សុភា​ អភិ​បាល​រង​ខេត្ត​កំពង​ឆ្នាំង​ ចុះ​សួរ​សុខ​ទុក្ខ​និង​នាំ​យក​អំ​ណោយ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​នៅ​មណ្ឌល​ ចត្តា​ឡី​ស័ក​ក្នុង​ឃុំ​ទឹក​ហូត​​​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និង នាំយកអំណោយរបស់អង្គការតុកកែញញឹម ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើលចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ក្នុងឃុំទឹកហូតស្រុករលាប្អៀរ ។

    លោកសេង វិចិត្រអភិបាលរងស្រុក រលាប្អៀរ បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កវិទ្យាល័យទឹកហូត បានរៀបចំកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ។ ចាប់តាំងពីបើកមណ្ឌលចត្តាឡីស័កនេះមក បានទទួលបងប្អូនប្រជាពលរដ្ឋដែលមកធ្វើចត្តាឡីស័កបានចំនួន៣៧២នាក់ គិតត្រឹមថ្ងៃទី២ ខែឧសភា ហើយបងប្អូនដែលធ្វើចត្តាឡីស័ករួចនិងបានចេញទៅកាន់លំនៅដ្ឋានមានចំនួន១៩៣នាក់ បច្ចុប្បន្ន នៅសល់១៧៩នាក់ដែលកំពុងបន្តធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យទឹកហូតនេះ ។

    លោកអភិបាលរងស្រុកបានឲ្យដឹងទៀតថា ក្នុងរយៈពេលស្នាក់នៅធ្វើចត្តាឡីស័កនេះ បានការផ្គត់ផ្គង់ពីរាជរដ្ឋាភិបាល ក្នុងម្នាក់ ២ម៉ឺនរៀលក្នុងមួយថ្ងៃ រួមនិងសម្ភារៈបរិក្ខាពេទ្យផងដែរ ។ ហើយក៏មានការចូលរួមជួយឧបត្ថម្ភបន្ថែមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និង សប្បុរសជនផងជាបន្តបន្ទាប់ផងដែរ ។

    លោកពក បញ្ញាពេជ្រ នាយករងអង្គការតុកកែញញឹមកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា អង្គការតុកកែញញឹមកម្ពុជា គឺជាអង្គការ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ដែលមានទស្សនវិស័យជាចម្បង គឺដើម្បីលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋក្រីក្រ តាមផែនការអភិវឌ្ឍន៍និងការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងអំឡុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩នេះ អង្គការ តុកកែញញឹមកម្ពុជា បានរៀបចំជាស្បៀងសម្ភារៈដើម្បីចែកជូនដល់ ប្រជាពលរដ្ឋដែលកំពុងរស់នៅមណ្ឌលចត្តាឡីស័ក ដែលផលិតផលទាំងនេះ ជាការអនុវត្តគម្រោងនីមួយៗ របស់អង្គការតុកកែញញឹមកម្ពុជា ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណគុណយ៉ាងជ្រាលជ្រៅចំពោះអង្គតុកកែញញឹមកម្ពុជា ដែលបានផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋនៅមណ្ឌលចត្តឡីស័កឃុំទឹកហូតនាពេលនេះ ដើម្បីចូលរួមបន្ថែម ពីកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល និង អាជ្ញាធរខេត្តព្រមទាំងសប្បុរសជន ដែលបានជួយក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ។

    ឯកឧត្តមបានបញ្ជាក់ទៀតថា ខេត្តកំពង់ឆ្នាំង មានមណ្ឌលចត្តាឡីស័កនៅគ្រប់ ក្រុង ស្រុកនីមួយៗ ហើយបានទទួលប្រជាពលរដ្ឋជាបន្តបន្ទាប់ ដែលជាអ្នកចំណូលស្រុក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

    ឯកឧត្តម បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង កងកម្លាំងសមត្ថកិច្ច និង ក្រុមគ្រូពេទ្យ បានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនិង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ ឲ្យចុះតាមដានជាប្រចាំនូវការចេញចូលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រៅពីនេះក៏បានចុះអប់រំផ្សព្វផ្សាយអំពីវិធាននាការនានា របស់រាជរដ្ឋាភិបាល ជាពិសេស៣កុំ ៣ការពារ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់ខ្លួន ដោយប្រកាន់ខ្ជាប់ការលាងសំអាតដៃនឹងសាប៊ូ ឬ អាកុល ពាក់ម៉ាស់ គម្លាតសុវត្ថិភាព និង មិនត្រូវជួបជុំដែលមានមនុស្សច្រើននោះទេ ។

    អំណោយដែលបានផ្តល់ជូននាពេលនេះ មានអង្ករ១តោន ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ស្កស២៥គីឡូក្រាម ខ្ទឹមស២៥គីឡូក្រាម ប្រេងឆា៤កេះ អំបិល២៥គីឡូក្រាម ម៉ាស់២៥០០ម៉ាស់ សាប៊ូ២០០ដុំ អាល់កុល៦០លីត្រ ទឹកសុទ្ធ៣០០យួរ ត្រីស្រស់៤០គីឡូក្រាម សាច់៣០គីឡូក្រាម និង បន្លែ៤០គីឡូក្រាម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង