កំពង់ឆ្នាំង ៖ ម្ចាស់ម៉ូតូកង់បី ដែលបានដឹកបុរសម្នាក់មានវិជ្ជមានកូវីដ-១៩ ពីផ្សារត្រាចមកកាន់ភូមិស្នាពេជ្រ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវ សមត្ថកិច្ចនិងអាជ្ញាធរ ស្រាវជ្រាវរកឃើញនៅវេលាម៉ោង១១និង២០ នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ។

លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ម្ចាស់ម៉ូតូកង់បី ដែលបានដឹកបុរសវិជ្ជមាន កូវិដ ,19 មានឈ្មោះម៉ី វឿន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បុរសខាងលើនេះត្រូវបានយកសំណាកទៅធ្វើតេស្តនិងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច។ គាត់មានសមាជិកគ្រួសារសរុបទាំងអស់ចំនួន៧នាក់ ស្រី៣នាក់ ។
លោកប្រធានមន្ទីរ ក៏អំពាវនាវដល់បងប្អូនដែលមានការពាក់ព័ន្ធនិងបានជិ:ម៉ូតូកង់បីរបស់ឈ្មោះម៉ី វឿន កាលពីថ្ងៃទី១៧ មេសា មេត្តាប្រញាប់រួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃនេះតទៅ ។
សូមបញ្ជាក់ថា បុរសម្នាក់មានឈ្មោះអ៊ុន មុន្នីរតនៈ អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ២E០ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានលួចចូលខេត្តកំពង់ឆ្នាំង ត្រូវបានតេស្តឃើញវិជ្ជមានកូវិដ១៩។
កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង៩និង៣០នាទី ឈ្មោះអ៊ុន មុន្នីរតនៈ បានហៅម៉ូតូកង់បីជិះពីផ្សារត្រាចទៅលេងផ្ទះបងប្អូនឈ្មោះកង ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិស្នារពេជ្រ ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
បច្ចុប្បន្នបុរសឈ្មោះអ៊ុន មុន្នីរតនៈ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕










