អភិ​បាល​រាជ​ធានី​ភ្នំពេញ​ បន្តនាំ​យក​អំណោយរ​បស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ប្រគល់​ជូន​ប្រ​ជា​ពលរដ្ឋ ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​ ១៦០​គ្រួសារ​នៅ​សង្កាត់​ទន្លេ​បាសាក់​

  • ភ្នំពេញ៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលមានទាំងថវិកា សាច់ជ្រូក និងស្បៀងអាហារផ្សេងទៀតត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញយកទៅប្រគល់ ជូនប្រជាពលរដ្ឋ ចំនួន១៦០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិទី១៦ ទប់មុខព្រឹទ្ធសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ បន្តទៀត នៅព្រឹកថ្ងៃទី០៦ មេសានេះ បើទោះបីកាលពីយប់ថ្ងៃទី៥មេសាលោកបានចុះសួរសុខទុក្ខនិងនិងបាននាំយកនូវស្បៀងអាហារផ្តល់ជូនម្តងហើយក្តី។

    ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។ជាក់ស្តែងនៅពេលនេះខណៈដែលទទួលបានព័ត៌មានពីបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមននេះ សម្តេចបានឱ្យអាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនិងនាំយកនូវ ថវិកា ស្បៀងអាហារមួយចំនួន មកចែកជូនបងប្អូនភ្លាមតែម្តង បើទោះបីនៅពេលយប់ក៏ដោយ។

    ឯកឧត្តម បន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន នៅតែជាជួរមុខ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ បើទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ។ ជាក់ស្តែង ខណៈដែលបងប្អូនជួបការលំបាកក្នុងជីវភាព ពេលកំពុងធ្វើចត្តាឡីស័កនេះ គឺសម្តេចបានណែនាំអោយចុះជួយភ្លាមៗ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង សូមឱ្យប្រជាពលរដ្ឋមានការយោគយល់ចំពោះការបិទភូមិមួយនេះមិនអោយចេញចូល ដោយសារតែនេះជាវិធានរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ប្រទេសណាក៏គេធ្វើដូច្នេះដែរ សំដៅធ្វើយ៉ាងណាកុំអោយជម្ងឺនេះរាលដាលកាន់តែខ្លាំង។

    មន្ត្រីរដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួនជាង ៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋដែលអាជ្ញាធររបស់យើងតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅពេលនេះ មានចំនួន១៩៤គ្រួសារ ។

    អំណោយដែលប្រគល់ជូននៅពេលនេះក្នុងមួយគ្រួសារទទួលបានថវិកា៣០ម៉ឺនរៀល សាច់ជ្រូក២គីឡូកហរាម ត្រីខ១០កំប៉ុង និងទឹកបរិសុទ្ធ១កសេ ខណៈដែលកាលពីយប់ថ្ងៃទី៥មេសាលោកឃួង ស្រេងបានប្រគល់ជូននូវអង្កចំនួន២៥គីឡូក្រាម ក្នុង១គ្រួសាររួចហើយដែរនោះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង