ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យបើកដំណើការជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីបញ្ជៀសការកកស្ទះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និង ដោយមានការចូលរួមពីឯកឧត្តមជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំនិងឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង មន្ត្រីពាក់ព័ន្ធចុះ ត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និង បើកឱ្យដំណើរការជាបណ្តោះអាសន្ន។

ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបើកស្ពាននេះឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ជាពិសេស ពេលយើងចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដោយមានការកកស្ទះគឺមិនចង់ឱ្យគាត់ប្រើសាឡាងទៀតទេ គឺថាអាចប្រើស្ពាននេះបានអីចឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានឯកភាពថា ឱ្យបើកស្ពាននេះជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ពីថ្ងៃនេះតទៅ» ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ការបើកដំណើរការស្ពាននេះជាបណ្តោះអាសន្ននេះ ដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់តាមតម្រូវការ រង់ចាំពេលវេលា សមស្របសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពាននេះតែម្តង ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន នឹងបើកការដ្ឋាន សាងសង់ផ្លូវលេខ៧១C ដែលតភ្ជាប់ស្ពានមិត្តភាពកម្ពុជា ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ទៅស្រុកចំការលើ និង ទៅផ្លូវជាតិលេខ៧តែម្តង ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា សម្រាប់សាឡាងដែលធ្លាប់ប្រើប្រាស់ជាក់ស្តែងនៅចំណុចស្ពានស្ទឹងត្រង់ ក្រូចឆ្មារនេះ និងបង្វែរយកទៅប្រើប្រាស់នៅខេត្តកំពង់ឆ្នាំង ដែលប្រើប្រាស់សម្រាប់ឆ្លងពីខេត្តកំពងឆ្នាំង ទៅស្រុកកំពង់លែង តភ្ជាប់ផ្លូវ៥០C ដែលមិនទាន់មានស្ពានឆ្លងកាត់នៅឡើយ។

សូមបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប៥៦.៩៩លានដុល្លារ សហរដ្ឋអាមេរិក នឹង ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕