កំពង់ឆ្នាំង៖ លោកស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធបន្តជួយគាំទ្រដល់វិស័យកីឡា ដើម្បីឲ្យយុវជនងាកមកលេងកីឡាជៀសវាងទៅប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ ។
លោកអភិបាលរងខេត្តបានថ្លែងអំពាវនាវបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២០-២០២១កាលពីព្រឹកថ្ងៃទី៣២ កុម្ភ: ។
លោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ការអប់រំកាយនិងកីឡាជាសកម្មភាពមិនអាចខ្វះបាន នៅក្នុងកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ធនធានមនុស្ស បំបាត់អំពើហឹង្សានិងទប់ស្តាត់ការប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្ននេះប្រទេសរីកចម្រើនជឿនលឿននៅលើពិភពលោក បានចាត់ទុកវិស័យកីឡា ជាឧស្សាហកម្មដ៏មានសក្តានុពល ក្នុងវិស័យសេដ្ឋកិច្ចដែលផ្តោតជាសំខាន់ គឺសុខមាលភាពនិងមិត្តភាព ។
លោកអភិបាលរងខេត្តបន្តថា កីឡាមានតួនាទីយ៉ាងសំខាន់រួមចំណែកជាមួយវិស័យទេសចរណ៍ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និង កំណើនសេដ្ឋកិច្ចស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។
លោកសុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការប្រកួតឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និង កីឡាករ កីឡាកាតនី ចូលរួមសរុបចំនួន១ ៧៤២នាក់ ស្រីចំនួន៨០១នាក់ ។ ដោយចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ កុម្ភ: ។ ការប្រកួតបានប្រព្រឹតទៅដោយរលូននិងសម្រេចបានជោគជ័យជាស្ថាពរ ដោយក្មួយៗមានឥរិយាបថថ្លៃថ្នូរ ប្រឹងប្រែងអស់ពីសមត្ថភាព ប្រកបដោយមិត្តភាព សាមគ្គីភាព និង សប្បាយរីករាយក្នុងការប្រកួតកីឡាគ្រប់ប្រភេទ ។
លោកប្រធានមន្ទីរបានឲ្យដឹងថា ចំពោះវិញ្ញាសារ នៃការប្រកួតមានបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ វាយសី វាយកូនឃ្លីលើតុ និង អត្តពលកម្ម ៕