អត្ថ​ន័យ​សំ​ខាន់​ៗ​រ​បស់​កែវ​តំ​ណក់​ប្រេង​ដំ​បូង​ដែល​បាន​យក​មក​តម្កល់​នៅ​វិ​មាន​ន​យោ​បាយ​ឈ្នះ​-ឈ្នះ​

  • នៅព្រឹកថ្ងៃពុធ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានយកតំណក់ប្រេងលើកដំបូងទៅរក្សាទុកនៅនៅវិមាននយោបាយឈ្នះ-ឈ្នះ ដែលពិធីប្រគល់ និងទទួល ធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធយ៉ាងច្រើន។

    អត្ថន័យសំខាន់ៗ នៃកែវតំណក់ប្រេងដំបូងរបស់កម្ពុជានេះ មានដូចតទៅ៖

    ១- កែវតំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិតំណាងឲ្យ ភាពរុងរឿង បរិសុទ្ធ ការចម្រើនលូត លាស់ ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេងមានកម្ពស់ ២៩ សង់ទីម៉ែត្រ តំណាងឲ្យថ្ងៃទី២៩ ដែលទទួលបានតំណក់ប្រេងដំបូងរបស់កម្ពុជា។

    ២-ជើងពានត្របកឈូក តំណាងឲ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវ លទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាតសម្រាប់អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ ជើងពានត្របកឈូក មានកម្ពស់ ១២ សង់ទីម៉ែត្រ តំណាងឲ្យខែ១២ ឬខែធ្នូ ដែលទទួលបានតំណក់ ប្រេងដំបូងរបស់កម្ពុជា។

    ៣-ពានជើងសឹង្ហ និងឋានជើងបាត តំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានាក្នុងការខិតខំប្រឹងប្រែងធ្វើការងារ ទាញយកភោគផលនៃធនធានធម្មជាតិដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋាន ជើងបាត មានកម្ពស់ ២០ សង់ទីម៉ែត្រ តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានតំណក់ប្រេងដំបូង របស់កម្ពុជា។

    ៤-ក្បាច់កញ្ចាំងភ្ញីភ្លើងលម្អដោយនាគក្បាលបី តំណាងឲ្យ តេជៈ ភាពចម្រុងចម្រើន សម្បូរសប្បាយនិងតំណាងឲ្យឆ្នាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ជាសម័យកាលដែលទទួលបាននូវតំណក់ប្រេងដំបូងរបស់កម្ពុជា។

    ៥-និមិត្តរូបរួមនៃតំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានប្រសិទ្ធនាមថា បឋមតេលពិន្ទុកម្ពុជា។ បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាតំណក់ +កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា “តំណក់ប្រេងដំបូងរបស់កម្ពុជា”។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង