សមិទ្ធិ​ផល​នានា​ក្នុង​វត្ត​ចំនួន​៣១​ នៅ​ស្រុក​កំពង់លែង​ ស្រុក​ជល​គិរី​ ខេត្ត​​កំព​ង់​ឆ្នាំង​ និង​ ខេត្ត​កំពង់​ស្ពឺ​ជាអំណោយ​របស់​​ មហា​ឧបា​សក​លឹម​ ឈុន​ និង ​មហាឧបា សិកា ​ចាយ​ គង់​ សម្ពោ​ធដា​ក់​ឲ្យ​ប្រើ​ប្រាស់ជា​ផ្លូវ​ការ​

  • កំពង់ឆ្នាំង ៖ សមិទ្ធិផលនានានៅក្នុងវត្តចំនួន៣១ មាននៅស្រុកកំពង់លែង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និង នៅខេត្តកំពង់ស្ពឺ ជាអំណោយដ៍ថ្លៃថ្លារបស់មហាឧបាសកលឹម ឈុន និង មហាឧបាសិកា ចាយគង់ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ នៅវត្តអម្ព័រវ័ន្ត ឃុំកំពង់ហៅ ស្រុកកំពង់លែង ។

    លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែងបានឲ្យដឹងថា នៅស្រុកកំពង់លែងបច្ចុប្បន្ន មានការរីកចំរើនជាបន្តបន្ទាប់ លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី ។

    លោក អភិបាលស្រុកបានឲ្យដឹងថា នៅស្រុកកំពង់លែង សមិទ្ធិផលនានាជាច្រើន ទំាងផ្នែកពុទ្ធចក្រនិងអាណាចក្រ ដែលបានកសាងឡើងដោយ មហាឧបាសក លឹម ឈុន និង មហាឧបាសិកាចាយ គង់ មានសាលារៀន ផ្លូវថ្នល់ និង វត្តអារ៉ាម ដែលជានិច្ចកាលមហាឧបាសក មហាឧបាសិកា តែងតែបានចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមឲ្យមានការីកចម្រើន ហើយនៅថ្ងៃនេះនៅវត្តអម្ពវ័ន្ត ក៏បានដាក់សម្ពោធនូវសមិទ្ធិផលថ្មីបន្ថែមមួយទៀតដែរ គឺសាលាធម្មសភា ដែលជាអំណោយរបស់មហាឧបាសក លឹម ឈុន និង មហាឧបាសិកាចាយ គង់ ។


    មានប្រសាសន៍នៅក្នុងឱកាសនោះ មហាឧបាសកលឹម ឈុន និង មហាឧបាសិកា ចាយ គង់ បានបញ្ជាក់ថា សមិទ្ធផលថ្មីដែលបានសាងសង់ឡើងតាមបណ្តាលមូលដ្ឋាននានា នៅស្រុកកំពង់លែង ស្រុកជលគិរី នៃខេត្តកំពង់ឆ្នាំង និង នៅខេត្តកំពង់ស្ពឺ នាពេលកន្លងមក គឺជាការចូលរួមចំណែកជាមួយនិងប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍន៍សង្គមជាតិ ដើម្បីចូលរួមលើកកម្ពស់ នៃការអភិវឌ្ឍន៍ប្រទេសជាតិនាពេលប្ចុប្បន្ន ។

    មហាឧបាសកលឹម ឈុន និង មហាឧបាសិកាចាយ គង់ បានបញ្ជាក់ទៀតថា បើគ្មានសុខ សន្តិភាព ដូចសព្វថ្ងៃនោះទេ គឺគ្មានឱកាសក្នុងការកសាងនោះដែរ ។ សមិទ្ធិផលដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ កើតចេញពីការរួមកម្លាំង មហាសាមគ្គី របស់ក្រុមគ្រួសារ កូនចៅ ចៅតួត និង ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ ។

    សមិទ្ធផលដែលបានសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ មានសាលាធម្មសភា១ខ្នងកំពស់២ជាន់និងសមិទ្ធិផលនានាជាច្រើនទៀត នៅក្នុងវត្តចំនួន២៨ ក្នុងស្រុកកំពង់លែង និង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ព្រមទាំងសមិទ្ធិផលផ្សេងទៀតនៅក្នុងវត្តចំនួន៣ទៀតនៅក្នុងខេត្តកំពង់ស្ពឺ ។

    នៅក្នុងឱកាសនោះ មហាឧបាសក លឹម ឈុន និង មហាឧបាសិកាចាយ គង់ បានចែកអំណោយដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋដែលចូលរួម និង បានរាប់បាត្រព្រះសង្ឃជាង២០០អង្គផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង