កំពង់ធំ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់ បានស្លាប់ និង ៥នាក់ទៀតរងរបួសធ្ងន់,ស្រាល ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ។

ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦និង៥០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះចាំចំការមួយនៅតំបន់ទួលស្មោញ ក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះរួមមាន៖ ១ -ឈ្មោះស៊ុន រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ,២ -ឈ្មោះធួក លីម ភេទប្រុស អាយុ៦២ឆ្នាំ, ៣ -ឈ្មោះឯម ស្រ៊ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ សពទាំង៣នាក់នេះ មានទីលំនៅ ក្នុងភូមិឃុំកេីតហេតុខាងលេី ។

ដោយឡែកជនរងគ្រោះ ដែលរងរបួសធ្ងន់ និង ស្រាលទាំង៥នាក់ ១-ឈ្មោះសួស គីម ភេទប្រុស អាយុ៥៨ឆ្នាំ ( របួសស្រាល ) , ២ -ឈ្មោះព្រុំ លាត ភេទប្រុស អាយុ៦៧ឆ្នាំ ( របួសស្រាល ) , ៣ -ឈ្មោះធួក និល ភេទប្រុស អាយុ៥៨ឆ្នាំ ( របួសធ្ងន់ ) ,៤ – ឈ្មោះសៀន យ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ (របួសធ្ងន់) និង ៥ -ឈ្មោះខន ខាន់ ភេទប្រុស (របួសស្រាល) ។
ជនរងគ្រោះមានទីលំនៅ ក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលេីនេះ ជាក្រុមការងារចុះវាស់វែងផ្លូវលំនៅចំណុចតំបន់ខាងលើ ពេលមានភ្លៀងធ្លាក់ក៏នាំគ្នាចូលជ្រក ភ្លាមនោះត្រូវរន្ទះបាញ់តែម្ដង ។
ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យនៅកន្លែងកើតហេតុ និង បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃនៅគេហដ្ឋានរៀងៗខ្លួន ។ រីឯអ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចនគរបាលដឹកតាមរថយន្តសង្គ្រោះ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕










