បង្គា​ក្លាស្សេ​មាន​ចាក់​ចា​ហួយ​បន្ថែម ប្រមាណ​​ជាង​១តោន ត្រូវ​បាន​មន្រ្តីជំនាញ​ដុត​កម្ទេច​ចោល

  • ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារចំពោះកិច្ច អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប​ការ​ក្លែងបន្លំ បានដុតកម្ទេចចោល បង្គាក្លាស្សេមានចាក់ចាហួយបន្ថែមសរុបចំនួន ៥៦កេស ស្មើនឹង ១០០៨គីឡូក្រាម នៅទីលានចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផ្នែកបទល្មើសសេដ្ឋកិច្ច និង​សម្រប​​​​សម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកមធ្យោបាយ ដឹកជញ្ជូនទំនិញល្មើស ត្រូវបាន​យក​​មក​​​រក្សាទុកនៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដើម្បីអនុវត្តនីតិវិធីបន្ត។
    សូមបញ្ជាក់ផងដែរថា នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន អគ្គ  នាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ព្រមទាំងមានការ​សម្រប​សម្រួល​ពីតំណាងអយ្យការផងដែរ។
    សមត្ថកិច្ច បានអោយដឹងថា រថយន្តទាំង២គ្រឿង ត្រូវបានស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ភ្លាមៗនោះមន្ត្រីជំនាញ នៃ​អគ្គ​​នាយ​កដ្ឋាន ក.ប.ប. បាននាំយករថយន្តទាំង២គ្រឿងខាងលើដែលសង្ស័យមានបង្គាក្លាសេ្សចាក់បន្ថែមចាហួយ មកអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគនៅនាយកដ្ឋានមន្ទីរពិសោធន៍។
    តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញ ទាំង២គ្រឿងនេះ បានឱ្យដឹងថា ទំនិញជាគ្រឿងសមុទ្រ រួមមានបង្គាកាស្សេ និងក្តាម សរុ​ប​​ចំនួន ៦៥០កេស នៅលើរថយន្តទាំង២ខាងលើ មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មក​​ជាមួយ​​ទេ​​។​ ជាលទ្ធផល មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកវត្តមានបង្គាក្លាស្សេមានចាក់បន្ថែមចាហ៊ួយ ចំនួន ៥៦ កេស ស្មើ ១០០៨​គីឡូក្រាម៕
    ប្រភព៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង