ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែមករានេះ បានរៀបចំសិក្ខាសាលាស្តីពីការប្រើប្រាស់អ៊ីនធឺរណែតប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយមានវាគ្មិនជាតិនិងអន្តរជាតិចូលរួមធ្វើបទបង្ហាញ ។
បើតាមឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍របស់ក្រសួងព័ត៌មាន បានបញ្ជាក់ថាសិក្ខាសាលានេះធ្វើឡើងដើម្បីបញ្ជា្រប់ចំណេះដឹងដល់មន្ត្រីរបស់ក្រសួងព័ត៌មាន លើប្រើប្រាស់អ៊ិនធឺរណែតចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាព បញ្ជៀសផលប៉ះពាល់ដល់សង្គមក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។
ឯកឧត្តម បានបន្ថែមថា ភាពរីកចម្រើនលើវិស័យបច្ចេកវិទ្យា បានធ្វើអោយការផ្សព្វផ្សាយនិងការចែករំលែកព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ ព័ត៌មានញុះញង់ ប្រព្រឹត្កទៅបានកាន់តែលឿនជាងមុនៗទ្វេដង ដែលប៉ះពាល់យ៉ាងធំធេងដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃបង្កអោយមានអសណ្តាប់ធ្នាប់សង្គមជាដើម។ ជាពិសេសការផ្សព្វផ្សាយមិនពិត ក្លែងបន្លំ អំពីជំងឺកូវីដ១៩ បាននាំអោយសាធារណៈជនយល់ខុស និងមានការសង្ស័យលើការអនុវត្តន៍ការងារ របស់អាជ្ញាធរមានសមត្ថកិច្ច ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រសួងព័ត៌មាន បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ គណៈកម្មការនេះមានភារកិច្ច តាមដានការផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយនានា និងដំណឹងមិនពិតនៅតាមបណ្តាយសង្គម និងឆ្លើយតបជូនសាធារណៈជនឱ្យទាន់ពេលវេលា តាមគ្រប់ធ្យោបាយដែលមានស្រាប់រាល់នៅពេលមានដំណឹង ឬព័ត៌មានក្លែងក្លាយ សហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរាំងខ្ទប់ គេហទំព័រ គណនីទាំងឡាយណាដែលផ្សាយព័ត៌មានមិនពិត និងចាត់វិធានការតាមច្បាប់។
ដោយឡែក នៅក្នុងឆ្នាំ២០២០ ក្រុមការងាររបស់គណៈកម្មការ បានស្រង់ប្រភពដែលផ្សព្វផ្សាយព័ត៌មាន មិនពិតដំណឹងក្លែងក្លាយញុះញង់ រិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំ និងព្រះមហាក្សត្រចំនួន ១៣៤៣ករណី។ ក្នុងនោះ ក្រសួងព័ត៌មាន បានអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមិនពិត មិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ចំនួន២អង្គភាពមកអប់រំណែនាំ និងបានលុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយព័ត៌មានបំពានច្បាប់ធ្ងន់ធ្ងរចំនួន៣អង្គភាព៕