កងកម្លាំងមួកខៀវកម្ពុជាចំនួន ១៨៤នាក់ បានហ្វឹកហ្វឺនបាញ់ គ្រាប់ពិត នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺក្រោយបានទទួលបានការបណ្តុះបណ្តាល នៅសាលារយៈពេល១ឆ្នាំកន្លងមក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ួត គីមសាន្ត អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅក្នុងពិធីបង្ហាញសមត្ថភាពបាញ់គ្រាប់ពិត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា កម្លាំងមួកខៀវកម្ពុជាដែលហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ ជាកងកម្លាំងដែលត្រៀមទៅបំពេញបេសកកម្មនៅសាធារណរដ្ឋលីបង់ នាចុងខែមករា ខាងមុខនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា ការណ៍ដែលកម្លាំងរបស់កម្ពុជា ហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ ដោយសារនៅប្រទេសនោះ ពុំទាន់មានស្ថេរភាព និងមានបញ្ហាប្រឈមខ្លាំងផ្នែកសន្តិសុខ ។ ក្រៅពីការហ្វឹកហ្វឺនបាញ់គ្រាប់ពិត កងកម្លាំងមួកខៀវទាំង១៨៤នាក់ ក៏បានហ្វឹកហ្វឺនលើជំនាញវិស្វកម្ម ជំនាញបោសសំអាតមីន ជំនាញកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជំនាញសុខាភិបាល ជំនាញបច្ចេកទេស បើកបររថយន្ត គ្រឿងចក្រ ការសិក្សាផ្នែកច្បាប់ជាតិ និងច្បាប់អន្តរជាតិផងដែរ។
គួររំលឹកថា អាវុធដែលសិក្ខាកាមបានបង្ហាញសមត្ថភាពបាញ់នេះ រួមមានប្រភេទអាវុធ អាកា៤៧ កាំភ្លើងយន្ត PKM និងកាំភ្លើង១២,៧ជាដើម ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបប្រមាណជាង៦០០០ នាក់ ហើយក្នុងនោះមានស្រ្តីចំនួនជាង ៣០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនប្រមាណ១០០០នាក់ ដែលកំពុងបំពេញបេសកកម្ម នៅប្រទេស ចំនួន៤ រួមមានសាធារណរដ្ឋស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី៕