រយៈ​ពេល៨​ឆ្នាំ​ សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ ជួយ​ព្យា​បាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង​ ៣០​ម៉ឺន​នាក់​និង​ព្យាបា​ល​ជំងឺ​ធ្ងន់​ធ្ងរ​បាន​ជាង​៦​ពា​ន់​នាក់​

គិតពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ មកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ គឺមានរយៈ៨ឆ្នាំគត់នៃការបង្កើតសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) រយៈពេល៨ឆ្នាំមកនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានជួយព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋទូទៅបានជាង ៣០ម៉ឺននាក់ និងព្យាបាលជំងឺធ្ងន់ធ្ងរបានជាង៦ពាន់នាក់

នាឳកាសគំរបខួបទី៨ឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគម បានថ្លែងអរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សមាជិកសមាជិកាទាំងអស់នៃសមាគមដែលបានធ្វើឲ្យសមាគមអាចសម្រេចភារកិច្ចដ៏ត្រចះត្រចង់ជាច្រើននៅក្នុងបុព្វហេតុមនុស្សធម៌ បើតាមឯកឧត្តម ជោគជ័យរបស់សមាគមក្នុងរយៈពេល៨ឆ្នាំមកនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួមគាំទ្រយ៉ាងសកម្មពីសមាជិកសមាជិកាសមាគទាំងអស់។

ក្រៅពីការថ្លែងការអរគុណចំពោះសមាជិកសមាជិកា ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះបណ្ដាស្ថាប័ន អង្គការ សមាគមជាដៃគូទាំងអស់ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយសមាគម ដោយជួយបង្កលក្ខណៈឱ្យសកម្មភាពមនុស្សធម៌របស់សមាគមបានប្រព្រឹត្តទៅដោយមានប្រសិទ្ធភាពជាពិសេស បណ្ដាសប្បុរសជនទាំងអស់ដែលបានជួយ ឧបត្ថម្ភគាំទ្រដល់សមាគម ដែលបង្កលក្ខណៈឱ្យសមាគមមានលទ្ធភាពបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបានទូលំទូលាយក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ។

គួរបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដោយចាប់ផ្ដើមដំបូងមានសមាជិកតែ៨នាក់ប៉ុណ្ណោះ ហើយគិតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ដែលមានរយៈពេល៨ឆ្នាំមកនេះ  សមាគមមានសមាជិកកើនឡើងដល់ជិត៦០០០នាក់។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានបំពេញបេសកកម្មមនុស្សធម៌ នៅតាមសហគមន៍នានាទូទាំងប្រទេសកម្ពុជាដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

គោលបំណងនៃបេសកកម្មនេះ គឺរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈ ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង សំដៅជំរុញឲ្យសេវាសុខភាពសាធារណៈអោយកាន់តែចូលទៅកៀកនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង